ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី 40,000 នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ នៅពេលដែលកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានកំណត់ឡើងវិញក្នុងប្រទេសកាតា។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ៤០នាក់ និងរបួស ១០៧នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,០០៥នាក់ និងរបួសដល់ ៩២,៤០១ នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល បានផ្ទុះឡើងនៅដើមខែតុលា ឆ្នាំ២០២៣ នេះបើតាមអាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា។
ប្រភពបានបន្ថែមថា នៅមានជនរងគ្រោះជាច្រើននាក់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយមានរថយន្តសង្គ្រោះ និងក្រុមការពារស៊ីវិលមិនអាចទៅដល់ពួកគេបាន។
គួរបញ្ជាក់ថាឋ វាត្រូវចំណាយពេលត្រឹមតែ ៥ខែកន្លះប៉ុណ្ណោះសម្រាប់ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប កើនឡើងពី 30,000 ទៅ 40,000 នាក់៕
ប្រែសម្រួល ឈូក បូរ៉ា