ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប អំពាវនាវ ​ឲ្យ​មាន​ការ​ឯកភាព​គ្នា ដើម្បី​ឈាន​ដល់​បទ ​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា

Xinhua

គែរ៖ ប្រទេសអេហ្ស៊ីប បានជំរុញឱ្យភាគីទាំងអស់ ចូលរួមក្នុងការចរចា បទឈប់បាញ់នៅតំបន់ហ្គាហ្សា នៅទីក្រុងដូហារបស់ប្រទេសកាតា ដើម្បី “ស្វែងរករូបមន្តឯកភាព សម្រាប់ការឈានដល់បទឈប់បាញ់ជាបន្ទាន់” ។

មន្ត្រីជាន់ខ្ពស់អេហ្ស៊ីប ដែលបានឲ្យដឹងដោយមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍ Al-Qahera News TV របស់អេហ្ស៊ីបថា “គណៈប្រតិភូអេហ្ស៊ីប នៅក្នុងប្រទេសកាតា បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ សម្រាប់ការចាប់ផ្តើមបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា” ។

មន្ត្រី​នោះ​បាន​ឲ្យដឹងថា ប្រទេស​អេហ្ស៊ីប ​បាន​បន្ត​ការ​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​ ឈាន​ដល់​បទ​ឈប់​បាញ់​ភ្លាមៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីក្រុងគែរ ដូហា និងវ៉ាស៊ីនតោន បានសម្រុះសម្រួលបទឈប់បាញ់ រយៈពេលមួយសប្តាហ៍រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានបញ្ចប់នៅចុង ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរួមមានការផ្លាស់ប្តូរអ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងអ៊ីស្រាអែល និងការបង្កើនជំនួយមនុស្សធម៌ដល់ហ្គាហ្សា។  ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលជាបន្តបន្ទាប់ សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ មិនទទួលបានផ្លែផ្កានោះទេ។

កិច្ចប្រជុំនៅប្រទេសកាតា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គ្រោងនឹងធ្វើឡើងបន្ទាប់ពីការអញ្ជើញពីអ្នកសម្របសម្រួលទាំងបី ដើម្បីបន្តការចរចាឡើងវិញ នៅថ្ងៃទី១៤ ឬ ១៥ខែសីហា នៅទីក្រុងគែរ ឬទីក្រុងដូហា ។  កិច្ចពិភាក្សានេះមានគោលបំណង ដោះស្រាយបញ្ហាលេចធ្លោ និងដោះស្រាយស្ថានភាព មនុស្សធម៌ នៅតំបន់ហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អេហ្ស៊ីបដែលបានចេញផ្សាយនាពេលថ្មីៗនេះ។

កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអនុញ្ញាតឱ្យគណៈប្រតិភូអ៊ីស្រាអែល ចូលរួមកិច្ចពិភាក្សានៅទីក្រុងដូហា ។  ទន្ទឹម​នឹង​នេះ មន្ត្រី​ហាម៉ាស់​បាន​ប្រកាស​ថា ក្រុម​នេះ​នឹង​មិន​ចូល​រួម​ក្នុង​ការ​ចរចា​បទ​ឈប់​បាញ់​នោះ​ទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top