ព័ត៌មានអន្តរជាតិ

លោក អាបាស ៖ ការទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន ជាគន្លឹះ នៃសន្តិភាពក្នុងតំបន់

Xinhua

ហ្គាហ្សា ៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានឲ្យដឹងថា ប្រសិនបើគ្មានការទទួលស្គាល់ជាអន្តរជាតិរដ្ឋប៉ាឡេស្ទីនទេនោះ វានឹងមិនមានសន្តិភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់នោះទេ។

បន្ទាប់ពីជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធ ប្រធានាធិបតីប៉ាឡេស្ទីន បានធ្វើសុន្ទរកថា នៅក្នុងសភាតួកគីជាលើកដំបូង ចាប់តាំងពីជម្លោះហ្គាហ្សា បានផ្ទុះឡើងក្នុងខែតុលា ឆ្នាំមុន។

ក្នុង​សុន្ទរកថា លោក​បាន​កត់​សម្គាល់​ថា សង្គម​អន្តរជាតិ​មិន​គួរ​នៅ​ស្ងៀម​ចំពោះ​ជម្លោះ​នៅ​ហ្គាហ្សា​នោះទេ។  លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកបានប្រើប្រាស់អំណាច វេតូរបស់ខ្លួនចំនួនបីដងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងដំណោះស្រាយ ទាក់ទងនឹងតំបន់ហ្គាហ្សា ហើយថាដំណោះស្រាយដែលបានអនុម័តទាក់ទងនឹងបញ្ហាប៉ាឡេស្ទីនមិនត្រូវបានអនុវត្តនោះទេ។

ប្រធានាធិបតីប៉ាឡេស្ទីនរូបនេះ បានបន្ដថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាគន្លឹះនៃសន្តិភាព សាមគ្គីភាព និងវិបុលភាពនៃតំបន់។  លោកបានបន្ថែមថា លុះត្រាតែប្រជាជនប៉ាឡេស្ទីនសម្រេចបានឯកភាពជាតិ វាអាចពិបាកក្នុងការទទួលបានជ័យជម្នះចុងក្រោយ។

បច្ចុប្បន្ននេះរដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ ដោយរដ្ឋសមាជិក ១៤៥ របស់អង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសនេះនៅតែជាអ្នកសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ ជំនួសឱ្យសមាជិកភាព។

ក្នុងអំឡុងសុន្ទរកថា របស់លោកប្រធានាធិបតីប៉ាឡេស្ទីនបានប្រកាសថា លោកនឹងទៅតំបន់ហ្គាហ្សា ដោយលើកឡើងថា ជីវិតរបស់លោក មិនមានតម្លៃជាងកុមារនៅទីនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top