ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានបង្កើតក្រុមប្រឹក្សា សម្របសម្រួលមួយ ស្តីពីបញ្ហាសន្តិសុខយោធានៅតាមតំបន់ព្រំដែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានបើកកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សា ។ ក្នុងនោះលោក Belousov បានឲ្យដឹងថា ក្រុមប្រឹក្សានេះទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហា សន្តិសុខយោធា ដែលគ្របដណ្តប់តំបន់ Belgorod, Bryansk និង Kursk ដោយបន្ថែមថា ខ្លួនមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព នៃការគាំទ្រដ៏ទូលំទូលាយ សម្រាប់ក្រុមសមរភូមិការពារព្រំដែនរដ្ឋ ទឹកដី និងចំនួនប្រជាជននៃតំបន់ ។
យោងតាមក្រសួងការពារជាតិ ក្រុមប្រឹក្សាដែលទើបបង្កើតថ្មី ក៏នឹងផ្តោតលើការងារវិស្វកម្មនៅលើទឹកដីនៃតំបន់ និងការផ្តល់សេវាវេជ្ជសាស្រ្តយោធា ពោលគឺការសម្របសម្រួលកងកម្លាំង និងសមត្ថភាព សម្រាប់ការជម្លៀសប្រជាជន ដែលរងផលប៉ះពាល់ ៕
ប្រែសម្រួល ឈូក បូរ៉ា