ព័ត៌មានអន្តរជាតិ

បង់ក្លាដែស អាចនឹងធ្វើបត្យាប័ន លោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្ត្រី ពីប្រទេសឥណ្ឌា

Xinhua

បរទេស ៖ ជិតមួយសប្តាហ៍មុន នយោបាយរបស់ប្រទេសបង់ក្លាដែសបានផ្លាស់ប្តូរ នៅពេលដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលបានបង្ខំឱ្យលោកស្រី Sheikh Hasina លាលែងពីតំណែងជានាយករដ្ឋមន្ត្រី ហើយភៀសខ្លួនចេញពីប្រទេស ដោយធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបណ្ដោះអាសន្នក្រោមការដឹកនាំរបស់ម្ចាស់ជ័យលាភីណូបែល លោក Muhammad Yunus ត្រូវបានបង្កើតឡើង។

យោងតាមសារព័ត៌មាន First Post ចេញផ្សាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ឥឡូវនេះ វាហាក់ដូចជាប្រទេសបង់ក្លាដែស អាចទាមទារការធ្វើបត្យាប័នលោកស្រី Hasina ពីប្រទេសឥណ្ឌា ជាមួយនឹងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក Mohammad Touhid Hossain បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (15 ខែសីហា) ថា រដ្ឋាភិបាលនឹង “សម្រេចចិត្តក្នុងពេលឆាប់ៗនេះ” ។

នៅថ្ងៃព្រហស្បតិ៍ (១៥ សីហា) ដែលជាថ្ងៃកាន់ទុក្ខជាតិនៅប្រទេសបង់ក្លាដែស ទីប្រឹក្សាកិច្ចការបរទេស របស់ប្រទេសនេះ លោក Mohammad Touhid Hossain បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា រដ្ឋាភិបាលនឹងសម្រេចចិត្តថា តើត្រូវស្នើឱ្យឥណ្ឌាធ្វើបត្យាប័ន អតីតនាយករដ្ឋមន្ត្រី Sheikh Hasina ដែរឬទេ ដែលកំពុងប្រឈមមុខនឹងករណីចោទជាច្រើននៅក្នុងប្រទេសបង់ក្លាដែស ។

នៅក្នុងបទសម្ភាសន៍មួយគាត់បាននិយាយថា គាត់មិនចង់ប៉ាន់ស្មានទេ ប៉ុន្តែបានកត់សម្គាល់ថា លោកស្រី Hasina កំពុងប្រឈមនឹង “ករណីចោទជាច្រើន” ។ លោកបាននិយាយថា ប្រសិនបើក្រសួងកិច្ចការប្រទេស និងច្បាប់របស់ប្រទេស សម្រេចចិត្ត “យើងត្រូវតែសុំឱ្យលោកស្រី… ត្រឡប់ទៅប្រទេស បង់ក្លាដែសវិញ”។

ដំណឹងនៃការធ្វើបត្យាប័ន ដែលអាចកើតឡើងទៅលើលោកស្រី Hasina កើតឡើងបន្ទាប់ពីលោកស្រី ត្រូវបានបណ្តេញ ចេញពីប្រទេសកាលពីថ្ងៃទី៥ ខែសីហា ដោយប្រឈមមុខ នឹងក្រុមបាតុករដែលមានកំហឹង ។ នៅពេលដែលចាកចេញទៅ មានសំណុំរឿងជាច្រើនត្រូវបានប្តឹងលោកស្រី។ កាលពីថ្ងៃទី ១៣ ខែសីហា សំណុំរឿងឃាតកម្មមួយ ត្រូវបានប្តឹងអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ពីបទជាប់ពាក់ព័ន្ធនឹងការស្លាប់ របស់ម្ចាស់ហាងលក់គ្រឿងទេស Abu Sayeed ដែលត្រូវបានសម្លាប់នៅក្នុងការបាញ់ ប្រហាររបស់ប៉ូលីសកាលពីថ្ងៃទី ១៩ ខែកក្កដា។ នេះជាចំណាត់ការផ្លូវច្បាប់លើកដំបូងប្រឆាំងនឹង លោកស្រី Sheikh Hasina ចាប់តាំងពីលោកស្រីលាលែង ពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែសីហា៕
ប្រែសម្រួលៈ ណៃ តុលា

To Top