បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់សន្និសីទ សារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យយោធាអ៊ុយក្រែន ប្រើប្រាស់មីស៊ីល រយៈចម្ងាយឆ្ងាយ របស់អាមេរិក សម្រាប់ការវាយប្រហារ ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី រួមទាំងនៅក្នុងតំបន់ Kursk នោះទេ។
ប្រភពដដែលបានរសេរទៀតថាកងកម្លាំងរបស់ទីក្រុងគៀវ បានបើកការលុកលុយដ៏ធំមួយ ចូលទៅក្នុងតំបន់ព្រំដែនរុស្ស៊ី កាលពីសប្តាហ៍មុន។ក្រុងគៀវបានអំពាវនាវម្តងហើយម្តងទៀតលើអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនឱ្យអនុញ្ញាតឱ្យខ្លួនប្រើអាវុធមួយចំនួនរួមទាំងមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយ សម្រាប់ការវាយប្រហារ ចូលទៅក្នុងទឹកដីរុស្ស៊ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានឱ្យដឹងថា ការបន្តការលុកលុយ ចូលទៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី បានកំពុងតែពង្រឹងឡើងវិញ ហើយការអំពាវ នាវទាំងនេះ ដោយមេដឹកនាំVladimir Zelensky តាមសេចក្តីរាយការណ៍ បានទទូចថា ការវាយប្រហារបែបនេះ នឹងធ្វើឱ្យជម្លោះកាន់តែខិតជិតដល់ទីបញ្ចប់។
គួរឲ្យដឹងថាមីស៊ីលATACMS អាចវាយប្រហារ គោលដៅនៅចម្ងាយ រហូតដល់៣០០គីឡូម៉ែត្រ ហើយអាចត្រូវបានបាញ់ ដោយគ្រាប់រ៉ុក្កែត ច្រើនប្រភេទរួមមានទាំង HIMARS ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី