ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថ្មីទី៣១ និងក្មេងបំផុតរបស់ថៃ ឡើងប្តេជ្ញា ចំពោះមុខអ្នកសារព័ត៌មាន ថា នឹងបង្កើតឱកាស និងលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនថៃទាំងអស់

Bangkok post

បរទេស៖ លោកស្រី ផែតងតាន អ៊ុងអ៊ីង ស៊ីណាវ៉ាត្រា (Paetongtarn “Ung Ing” Shinawatra) ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតបានប្តេជ្ញាថា នឹងធ្វើការជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីបង្កើតឱកាសនិង លើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនថៃទាំងអស់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កូនស្រីអាយុ ៣៧ ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ បន្ទាប់ពីបានទទួលស្គាល់ការ បោះឆ្នោតសភាតំណាង ឱ្យលោកស្រីក្លាយ ជានាយករដ្ឋមន្ត្រីទី ៣១ របស់ប្រទេសថៃ។

លោកស្រី ផែតងតាន ទទួលបានការគាំទ្រ យ៉ាងច្រើនលើសលប់ ពីសភាដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសដោយគ្មានការប្រកួតប្រជែង។ លោកស្រីបានក្លាយជា​នាយក​រដ្ឋមន្ត្រី​ ក្មេង​បំផុត​របស់​ប្រទេសថៃ។

លោកស្រីទទួលបានសំឡេងគាំទ្រចំនួន ៣១៩ សំឡេង រួមទាំងសមាជិកសភាទាំង ៦ រូបមកពីគណបក្សប្រឆាំង ថៃសាងថៃ, ១៤៥ សំឡេងប្រឆាំង និង ២៧ អនុប្បវាទ ដែលមកពីគណបក្សប្រជាធិបតេយ្យ ប្រធានសភា និងអនុប្រធានសភាទីពីរ។

ឧត្តមសេនីយ ប្រាវីដ វង្សស៊ូវ៉ុន (Prawit Wongsuwon) មេដឹកនាំសម្ព័ន្ធដៃគូគណបក្ស Palang Pracharath Party (PPRP) និងសមាជិកសភាបក្សភឿថៃ Chalerm Ubamrung ដែលថ្មីៗនេះបានជំទាស់នឹង គណបក្សដើម្បីបណ្តេញ គាត់នោះ គឺបានអវត្តមាន។

លោកស្រី ផែតងតាន ឡើង​ជំនួស​លោក សេដ្ឋា ថាវីស៊ីន ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​បណ្តេញ​ចេញ​កាលពី​ថ្ងៃ​ពុធ​ពី​បទ​រំលោភ​ក្រមសីលធម៌។

បន្ទាប់ពីសភាអនុម័តរួច មេដឹកនាំបក្សភឿថៃបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ពួកគេ ហើយបានសន្យាថា នឹងបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ។ លោកស្រី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ អំពី​ការងារ​រដ្ឋាភិបាល និង​ការ​បែងចែក​អាសនៈ​គណៈរដ្ឋមន្ត្រី​រហូត​ដល់ ​ទទួល​បាន​ការ​យល់ព្រម ​ពី​ព្រះមហាក្សត្រ។

លោកស្រីបានអះអាងថា លោកស្រីអាចគ្រប់គ្រង សម្ពាធក្នុងការិយាល័យបាន បើទោះបីជាមានការរិះគន់ អំពីកង្វះបទពិសោធន៍ក៏ដោយ ដោយបាននិយាយថា ទោះបីជាលោកស្រី មិនបានមើលឃើញថា ខ្លួនឯងល្អបំផុតក្នុងវិស័យ នយោបាយក៏ដោយ ប៉ុន្តែភាពខ្លាំងរបស់លោកស្រី គឺការលើកទឹកចិត្តច្បាស់លាស់ និងសមត្ថភាពការងារជាក្រុម៕

ប្រែសម្រួលៈ ណៃ តុលា

To Top