ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាការពារជាតិរបស់ប្រទេសថៃ សម្រេចឱ្យនាយករដ្ឋមន្រ្តី មានសិទ្ធិព្យួរបុគ្គលិកយោធាណាមួយ ដែលពាក់ព័ន្ធនឹងការធ្វើផែនការ ធ្វើរដ្ឋប្រហារយោធា

Bangkok Post

បរទេស៖ ក្រុមប្រឹក្សាការពារជាតិរបស់ប្រទេសថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងក្រសួងការពារជាតិ ដែលអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី ព្យួរបុគ្គលិកយោធាណាមួយ ដែលពាក់ព័ន្ធនឹងការធ្វើផែនការ រដ្ឋប្រហារយោធា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិឧត្តមនាវី Thanitpong Sirisawetsak សេចក្តីព្រាងវិសោធនកម្មនេះ ក៏ដូចជាសេចក្តីព្រាងច្បាប់ ស្តីពីអាជ្ញាធរតុលាការយោធា ដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាកាលពីថ្ងៃព្រហស្បតិ៍ នឹងត្រូវដាក់ជូនលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រី ដើម្បីគណៈរដ្ឋមន្ត្រីអនុម័ត។

យោងតាមលោក Jamnong Chaimongkol អនុរដ្ឋមន្ត្រីចាំផ្ទះរបស់ ក្រសួងការពារជាតិបានឱ្យដឹងថា ច្បាប់រដ្ឋបាលក្រសួងការពារជាតិថ្មី ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីការពារជាតិ Sutin Klungsaeng កាលពីថ្ងៃទី ១៩ ខែមេសា។

ប្រភពបានបន្ថែមថា ក្រុមប្រឹក្សាបានបញ្ចប់ការអនុម័ត វិសោធនកម្មទាន់ពេលវេលា មុនពេលដែលតុលាការធម្មនុញ្ញ បានបញ្ជាឱ្យដកតំណែង អតីតនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃពុធ។

លោក Jamnong បាននិយាយថា ច្បាប់ដែលបានធ្វើវិសោធនកម្ម នឹងអាចឱ្យនាយករដ្ឋមន្ត្រីចេញបញ្ជាផ្អាកភ្លាមៗ ប្រសិនបើការស៊ើបអង្កេតបង្ហាញថា បុគ្គលិកណាម្នាក់បានជាប់ពាក់ព័ន្ធ ក្នុងការព្យាយាមរៀបចំរដ្ឋប្រហារ ឬភាពចលាចលនយោបាយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top