ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយថៃ នឹងបើកការស៊ើបអង្កេតលើ អតីតសមាជិកសភា ៤៤នាក់នៃគណបក្សឆ្ពោះទៅមុខ ដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដើម្បីកែប្រែមាត្រា ច្បាប់ប្រមាថព្រះមហាក្សត្រ

Bangkok post

បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) បានបញ្ជាឱ្យស៊ើបអង្កេតលើអតីតសមាជិកសភាចំនួន ៤៤ នាក់នៃគណបក្សឆ្ពោះទៅមុខ ឬ Move Forward Party (MFP) ដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយដើម្បីកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។ ការស៊ើបអង្កេតនឹងចំណាយពេល ប្រហែលប្រាំមួយខែ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា អគ្គលេខាធិការ NACC លោក Niwatchai Kasemongkol បាននិយាយកាលពីម្សិលមិញថា NACC តាមរយៈការស្វែងរកការពិតដំបូងបានរកឃើញថា មានហេតុផលសម្រាប់ការចោទប្រកាន់ លើអតីតសមាជិកសភាគណបក្សឆ្ពោះទៅមុខ ចំនួន ៤៤នាក់ ដែលត្រូវបានតុលាការធម្មនុញ្ញរកឃើញថា មានពិរុទ្ធភាពរួចហើយកាលពីថ្ងៃទី ៣១ ខែមករា ពីចេតនាបំផ្លាញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោក Niwatchai បាននិយាយថា ជំហានបន្ថែមទៀតរួមមានការប្រមូលភស្តុតាង និងការជូនដំណឹងដល់ជនជាប់ចោទ ពីការចោទប្រកាន់ ដូច្នេះពួកគេមានឱកាសបង្ហាញ អំណះអំណាងរបស់ពួកគេ។

បន្ទាប់ពីនេះ ករណីនេះនឹងត្រូវបានសង្ខេប ហើយ NACC នឹងសម្រេចថាតើការប្រព្រឹត្តរបស់ពួកគេគ្មានសីលធម៌ ឬអត់។

លោក Niwatchai បានបន្តថា វាពិបាកក្នុងការបញ្ជាក់ពេលវេលានៃការស៊ើបអង្កេត ព្រោះថាមិនមែនសមាជិកសភាទាំងអស់ ត្រៀមខ្លួនផ្តល់ព័ត៌មានដល់ NACC នោះទេ។ NACC ក៏ត្រូវសាកសួរបុគ្គលផ្សេងទៀត រួមទាំងតំណាងមកពីសភា ដែលបានចូលរួម ឬដឹងលឺអំពីវិសោធនកម្មដែលបានស្នើឡើង ដើម្បីស្វែងយល់ពីចេតនារបស់ពួកគេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top