ប៉េកាំង៖ ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានពិភាក្សាអំពីឧក្រិដ្ឋកម្មឆ្លងដែន កាលពីថ្ងៃសុក្រនៅក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា សន្តិសុខគឺជាតម្រូវការជាមុន និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសទាំងអស់។ លោកថា បច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខក្នុងតំបន់កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ ហើយឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត និងការក្លែងបន្លំតាមទូរគមនាគមន៍នៅតែបន្តកើតមាន ដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ស្ថិរភាពសង្គម និងមុខមាត់ជាតិ។
លោក បានលើកឡើងថា លុះត្រាតែបណ្តាប្រទេសក្នុងតំបន់បង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ ទើបអាចកើតមានបទល្មើសឧក្រិដ្ឋកម្មខ្ពស់អាចត្រលប់មកវិញប្រកបដោយប្រសិទ្ធភាព។
លោកបានបន្ដថា គំនិតផ្តួចផ្តើមសន្តិសុខសកលដែលស្នើឡើងដោយប្រទេសចិន បានទទួលការឆ្លើយតបជាវិជ្ជមានពីប្រទេសនានា រួមមានឡាវ មីយ៉ាន់ម៉ា និងថៃ។
លោកបានបន្ថែមថា ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ប្រទេសទាំងបួនបានរួមគ្នាអនុវត្តសកម្មភាពជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបានចាប់ខ្លួនមនុស្សជាង ៥ម៉ឺននាក់ ដែលពាក់ព័ន្ធនឹងល្បែងស៊ីសង និងការក្លែងបន្លំចាប់តាំងពីឆ្នាំមុន។
ដោយប្រកាន់យកគំនិតផ្តួចផ្តើមសន្តិសុខសកលជាមគ្គុទ្ទេសក៍ ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការពារភាពស្ងប់ស្ងាត់នៃមាតុភូមិរបស់ពួកគេ។
លោកបានអំពាវនាវឱ្យរឹតបន្តឹងបណ្តាញត្រួតពិនិត្យព្រំដែន ការពារព្រំដែននៃប្រទេសនីមួយៗ គ្រប់គ្រងកំពង់ផែសំខាន់ៗ និងបិទទាំងស្រុងនូវផ្លូវឆ្លងកាត់ព្រំដែនខុសច្បាប់របស់ជនអចេតនា។
លោកក៏បានជំរុញឱ្យសម្របសម្រួលការផ្លាស់ប្តូរការស៊ើបការណ៍សម្ងាត់ និងព័ត៌មានដោយរលូន និងបន្តអនុវត្តប្រតិបត្តិការរួមគ្នា ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនល្មើសច្បាប់ ដែលបានភៀសខ្លួនឆ្លងព្រំដែន និងនាំពួកគេទៅកាត់ទោសឲ្យទាន់ពេលវេលា៕
ប្រែសម្រួល ឈូក បូរ៉ា