ហ្គាហ្សា៖ លទ្ធផលនៃកិច្ចចរចាសន្តិភាពតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា នៅទីក្រុងដូហា គឺមិនសមស្របនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលដាក់ជូនក្រុមហាម៉ាស់កាលពីក្នុងខែកក្កដា នោះទេ។
ប្រភពបានឲ្យដឹងថា “កិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបាន ដោយមិនរាប់បញ្ចូលបទឈប់បាញ់ដ៏ទូលំទូលាយនៅតំបន់ហ្គាហ្សា អនុញ្ញាតឱ្យមានការវិលត្រឡប់នៃជនភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ ការកសាងឡើងវិញនូវតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស គឺគ្មានប្រយោជន៍ ហើយផ្តល់ឱ្យអ៊ីស្រាអែលនូវពេលវេលាបន្ថែមទៀត ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន” ។
ប្រភពបានពន្យល់ថា អ៊ីស្រាអែល “ព្យាយាមគ្រប់ជ្រុងជ្រោយនៃការចរចា ដើម្បីទទួលបានការបញ្ឈប់បន្ថែមទៀត និងពន្យារពេលការអនុវត្តកិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបាន ដើម្បីបន្តការសម្លាប់ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប” ។
ប្រភពបានសង្កត់ធ្ងន់ថា ការពន្យារពេល និងការខ្ជះខ្ជាយពេលវេលានឹងមិនផ្តល់ផលប្រយោជន៍ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួល ដើម្បីបញ្ចប់ការឈឺចាប់របស់ប៉ាឡេស្ទីន ដែលបានកើនឡើងជារៀងរាល់ថ្ងៃអស់រយៈពេលជាងដប់ខែមកហើយ។
រដ្ឋធានីកាតា បានរៀបចំការបន្តការចរចាដោយប្រយោលរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលរយៈពេលពីរថ្ងៃតាមការអញ្ជើញរបស់អ្នកសម្រុះសម្រួលចំនួនបី គឺអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលនាំទៅដល់បទឈប់បាញ់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា