គៀវ៖ លោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានរុលទៅមុខពីមួយទៅ ៣គីឡូម៉ែត្រនៅក្នុងតំបន់មួយចំនួននៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីចាប់តាំងពីដើមថ្ងៃសុក្រ។
លោក Syrsky បានឲ្យដឹងនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញ Telegram ផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ថា “ការប្រយុទ្ធនៅតែបន្តនៅជួរមុខទាំងមូល សរុបមក ស្ថានភាពគឺស្ថិតនៅក្រោមការគ្រប់គ្រង” ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា អង្គភាពមួយមានទាហាន ២៤នាក់ មកពីកងពលតូចមេកានិចទី២២ ដាច់ដោយឡែករបស់អ៊ុយក្រែន បានដាក់អាវុធសុំចុះចាញ់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅទីក្រុង Kursk ។
ទាហានអ៊ុយក្រែនទាំងនេះបានចុះចាញ់ជាក្រុមនៅជិតភូមិ Komarovka ក្នុងតំបន់ Kursk នេះបើតាមអ្នកតំណាងនៃកងកម្លាំងសន្តិសុខរុស្ស៊ីត្រូវបានដកស្រង់សម្តី។
អ្នកតំណាងរូបនេះបានឲ្យដឹងថា “មុនពេលចុះចាញ់ យោធាអ៊ុយក្រែន បានទាក់ទងមកយើងតាមរយៈបណ្តាញ FREE_SOLDIER2022 (Telegram)” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចាប់ផ្តើមការវាយលុកនៅតំបន់ Kursk ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីថ្ងៃទី០៦ ខែសីហា។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃសុក្រថា រហូតមកដល់ពេលនេះអ៊ុយក្រែនបានបាត់បង់បុគ្គលិកយោធាចំនួន ២,៨៦០នាក់ និងរថក្រោះចំនួន ៤១គ្រឿង ក្នុងអំឡុងពេលការប្រយុទ្ធនៅក្នុងតំបន់ Kursk៕
ប្រែសម្រួល ឈូក បូរ៉ា