បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ប្រទេសរបស់លោករំពឹងមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ រួមទាំងអង់គ្លេស និងបារាំង ដើម្បីជួយក្នុងប្រតិបត្តិការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងករណីមានជម្លោះដោយផ្ទាល់ណាមួយកើតឡើង។
លោកKatz បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy និងរដ្ឋមន្ត្រីការបរទេសបារាំង Stéphane Séjourne ក្នុងទីក្រុង Jerusalem កាលពីថ្ងៃសុក្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
កាសែត The Times of Israelបានសរសេរថា៖អ៊ីស្រាអែលរំពឹងថា បារាំង និងអង់គ្លេសនឹងបញ្ជាក់ជាសាធារណៈដល់អ៊ីរ៉ង់ថា ខ្លួនមិនអាចទទួលយកបានសម្រាប់ការវាយប្រហារលើអ៊ីស្រាអែល ហើយថាប្រសិនបើអ៊ីរ៉ង់វាយប្រហារនោះក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនឹងចូលរួមជាមួយអ៊ីស្រាអែលមិនត្រឹមតែក្នុងវិស័យការពារប៉ុណ្ណោះទេ ថែមទាំងក្នុងការវាយប្រហារប្រឆាំងនឹងគោលដៅសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។
លោកKatz បានបញ្ជាក់សារជាថ្មីនៅក្នុងការបង្ហោះនៅលើ X ថាគាត់បានធ្វើឱ្យមានភាពច្បាស់លាស់ដល់សហសេវិករបស់គាត់ថាពួកគេគួរតែប្រកាសជាសាធារណៈថាប្រទេសរបស់ពួកគេ នឹងឈរជាមួយអ៊ីស្រាអែលមិនត្រឹមតែក្នុងវិស័យការពារប៉ុណ្ណោះទេថែមទាំងក្នុងគោលដៅវាយប្រហារនៅអ៊ីរ៉ង់ផងដែរ។
រំលឹកឡើងវិញដែរថាសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានអូសបន្លាយរយៈពេល ១០ខែ មកហើយចាប់តាំងពីក្រុមសកម្មប្រយុទ្ធបានធ្វើការលុកលុយយ៉ាងសាហាវ ដែលបណ្តាលឱ្យមានអ្នកស្លាប់ប្រហែល ១,១០០នាក់ និងចំណាប់ខ្មាំងប្រហែល ២០០ នាក់៕
ប្រែសម្រួល៖ស៊ុនលី