បរទេស៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានទទួលការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ ព្រះអង្គ Maha Vajiralongkorn ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃហើយ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់សច្ចាប័នរបស់រាជវង្សដល់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានធ្វើឡើងនៅក្នុងពិធីប្រពៃណីមួយនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីលោកស្រីបានឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃសុក្រដោយសំឡេងភាគច្រើនជិតពីរភាគបី។ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ដែលមានវ័យ ៣៧ឆ្នាំ រូបនេះត្រូវបានជ្រើសរើសសម្រាប់តំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសនេះបាន ដកតំណែងលោក សេដ្ឋា ថាវីស៊ីន ពីនាយករដ្ឋមន្រ្តី ក្នុងសំណុំរឿងបំពានក្រមសីលធម៌។
នៅក្នុងពិធីនៅថ្ងៃអាទិត្យ លោកស្រី ផែតងតាន បាននិយាយថា លោកស្រី ក្រុមគ្រួសារ និងគណបក្សភឿថៃ សូមថ្លែងអំណរព្រះគុណយ៉ាងក្រៃលែងចំពោះការតែងតាំងរបស់ព្រះមហាក្សត្រ ដែលបាននាំមកនូវកិត្តិយស និងមោទនភាពបំផុតសម្រាប់ជីវិតរបស់លោកស្រី។
លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានសន្យាថា នឹងបំពេញកាតព្វកិច្ចឱ្យអស់ពីសមត្ថភាព បង្ហាញភក្តីភាពចំពោះស្ថាប័នព្រះមហាក្សត្រ និងធ្វើសកម្មភាពដោយស្មោះត្រង់ ដើម្បីផលប្រយោជន៍សាធារណៈ និងប្រទេសជាតិ។
លោកស្រី បានមានប្រសាសន៍ថា ក្នុងរយៈពេលបីឆ្នាំទៀតនៃអាណត្តិសភា លោកស្រីក្នុងនាមជាប្រធានប្រតិបត្តិ នឹងសហការជាមួយស្ថាប័ននីតិប្បញ្ញត្តិដោយបើកចិត្តទូលាយ ដើម្បីអភិវឌ្ឍប្រទេសជាតិ៕
ប្រែសម្រួលៈ ណៃ តុលា