បរទេស៖ សមាគមប្រព័ន្ធផ្សព្វផ្សាយ ចំនួនពីរនឹងស្វែង រកការស៊ើបអង្កេត លើការប្រព្រឹត្ត របស់មេដឹកនាំគណបក្ស Palang Pracharath (PPRP) ឧត្តមសេនីយ៍ Prawit Wongsuwon បន្ទាប់ពីគាត់បានធ្វើបាប វាយប្រហារលើអ្នកកាសែត ជាស្រ្តីម្នាក់កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាគមអ្នកសារព័ត៌មានថៃ និងក្រុមប្រឹក្សាផ្សព្វផ្សាយ ព័ត៌មានរបស់ប្រទេសថៃ បាននិយាយថា អាកប្បកិរិយារបស់ ឧត្តមសេនីយ៍ Prawit អាចបំពានលើក្រមសីលធម៌សម្រាប់ជាសមាជិកសភា។
នៅក្រោមក្រមសីលធម៌ សម្រាប់សមាជិកសភា តំណាងរាស្រ្តត្រូវគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ និងចៀសវាងការប្រើអាកប្បកិរិយា ឬភាសាមិនសមរម្យ។ សមាជិកសភាមិនត្រូវបំភិតបំភ័យ ឬប្រើកម្លាំងប្រឆាំងអ្នកដទៃឡើយ។
សមាគមទាំងពីរបាននិយាយថា ពួកគេបានពិនិត្យដោយប្រុងប្រយ័ត្ន នូវវីដេអូជាច្រើន ដែលបានថតពីឧបទ្ទវហេតុ កាលពីថ្ងៃសុក្រ ហើយបានសន្និដ្ឋានថា អាកប្បកិរិយារបស់ឧត្តមសេនីយ៍ Prawit ទៅលើអ្នកយកព័ត៌មាននោះ បានបង្កើតជាការបំភិតបំភ័យ និងមិនមែនជាការលេងសើចដូចអ្នកគាំទ្ររបស់គាត់មួយចំនួនបានអះអាងនោះទេ។
សារព័ត៌មាន Thai PBS ដែលជានិយោជក របស់អ្នកយកព័ត៌មាន ដែលពាក់ព័ន្ធ នឹងឧប្បត្តិហេតុនេះ ក៏បានចេញសេចក្តី ថ្លែងការណ៍ ទាមទារឱ្យឧត្តមសេនីយ៍ Prawit ទទួលខុសត្រូវចំពោះសកម្មភាពរបស់គាត់ផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍ អ្នកយកព័ត៌មានយោធា Duangthip Yiamphop បានសួរសំណួររបស់នាងដោយគួរសម ហើយវាពាក់ព័ន្ធនឹងឧត្តមសេនីយ៍ Prawit ដោយបង្ហាញថា នាងកំពុងបំពេញការងាររបស់នាងដោយស្មោះត្រង់។
នៅក្នុងវីដេអូមួយ គេបានឃើញ ឧត្តមសេនីយ៍ Prawit បានបង្ហាញនូវភាពច្របូកច្របល់យ៉ាងខ្លាំង នៅពេល ដែលត្រូវបានសួរ អំពីមេដឹកនាំបក្សភឿថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានអនុម័ត ជានាយករដ្ឋមន្ត្រីនៅក្នុងសភា។
ឧត្តមសេនីយ Prawit ដែលបានគេច មិនចូលរួមសម័យប្រជុំសភា ដើម្បីចូលរួមព្រឹត្តិការណ៍មួយ ដើម្បីស្វាគមន៍ អត្តពលិកអូឡាំពិក នៅផ្ទះនោះទេ និង បានទះក្បាល២ដង លើអ្នកយកព័ត៌មានស្រ្តី ហើយសួរម្តងហើយម្តងទៀតថា “តើអ្នកសួរអ្វី?”៕
ប្រែសម្រួលៈ ណៃ តុលា