បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានមកដល់តុលាការ ឧក្រិដ្ឋកម្មនៅព្រឹកថ្ងៃច័ន្ទ ដើម្បីពិនិត្យសាក្សី និងបញ្ជីភស្តុតាង ក្នុងសំណុំរឿងប្រមាថ ព្រះមហាក្សត្រ ដែលកើតចេញពីបទសម្ភាសន៍ ដែលលោកបាន ផ្តល់ក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំ ២០១៥ ដោយនិយាយថា លោកមិនព្រួយបារម្ភនោះទេ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកថាក់ស៊ីន បានមកដល់តុលាការ នៅទីក្រុងបាងកក នៅម៉ោង ៨ និង៥៣នាទីព្រឹក ដោយពាក់អាវពណ៌លឿង និងអាវធំពណ៌ខ្មៅ។ លោកបាននិយាយយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មាន មុននឹងចូលទៅ កាន់តុលាការ។
លោកថា “ខ្ញុំគ្មានការព្រួយបារម្ភទេ ។ ករណីនេះបានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ និងពាក់ព័ន្ធនឹងការប្រើច្បាប់ ដើម្បីពង្រឹងការកាន់អំណាចរបស់ពួកគេ»។
សវនាការនៅថ្ងៃចន្ទនេះ គឺដើម្បីពិនិត្យភស្តុតាង និង បញ្ជីសាក្សីក្នុងសំណុំរឿង។ វាទាក់ទងនឹងការអត្ថាធិប្បាយ របស់លោកថាក់ស៊ីន ដែលបានធ្វើក្នុងពេលសម្ភាសន៍ ជាមួយកាសែតកូរ៉េខាងត្បូង Chosun Ilbo ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៥។
នៅក្នុងបទសម្ភាសន៍ លោកបានអះអាងថា ក្រុមប្រឹក្សាព្រះមហាក្សត្រ បានគាំទ្ររដ្ឋប្រហារឆ្នាំ២០១៤ ដែលបានទម្លាក់រដ្ឋាភិបាល របស់ប្អូនស្រីរបស់លោក គឺលោកស្រី Yingluck Shinawatra ។ បទសម្ភាសន៍ត្រូវបានបង្ហោះ ដូច្នេះហើយគាត់ក៏ត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មកុំព្យូទ័រ បន្ថែមពីលើការប្រមាថ ព្រះមហាក្សត្រ តាមមាត្រា ១១២ ។
បន្ទាប់ពីការកាត់ក្តីរបស់គាត់កាលពីខែមិថុនា លោក ថាក់ស៊ីន ត្រូវបានដោះលែង ឱ្យនៅក្រៅឃុំក្នុងចំនួនប្រាក់ធានា ៥០០.០០០ បាត និងត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាតពីតុលាការ៕