ហ្គាហ្សា ៖ ក្រុមហាម៉ាស់បានរិះគន់សំណើបទឈប់បាញ់ថ្មី សម្រាប់តំបន់ហ្គាហ្សា ដែលបានបង្ហាញនៅទីក្រុងដូហា កាលពីសប្តាហ៍មុនថា ជាការបំពេញលក្ខខណ្ឌ របស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ជាពិសេសការបដិសេធ របស់លោកក្នុងការយល់ ព្រមបទឈប់បាញ់ជាអចិន្ត្រៃយ៍ ។
ក្រុមនេះបានអះអាងថា សំណើនេះស្រប តាមការទាមទាររបស់លោក ណេតាន់យ៉ាហ៊ូ រួមទាំងការបដិសេធ បទឈប់បាញ់ជាអចិន្ត្រៃយ៍ រក្សាការគ្រប់គ្រង លើច្រករបៀង Netzarim ច្រករបៀងរ៉ាហ្វា និងច្រករបៀង Philadelphia និងការកំណត់លក្ខខណ្ឌថ្មី ស្តីពីការផ្លាស់ប្តូរអ្នកទោស ដែលក្រុមហាម៉ាស់បានថា ជាការរារាំងការបញ្ចប់កិច្ចព្រមព្រៀង ។
ក្រុមហាម៉ាស់បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថា “ទទួលខុសត្រូវទាំងស្រុង” ចំពោះការបរាជ័យរបស់អ្នកសម្របសម្រួល រារាំងកិច្ចព្រមព្រៀងមួយ និងបង្កគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងអ៊ីស្រាអែលដោយ “បន្តសកម្មភាពឈ្លានពានរបស់គាត់ប្រឆាំងនឹងហ្គាហ្សា” ។
ក្រុមនេះបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបានកាលពីថ្ងៃទី០២ ខែកក្កដា ដោយផ្អែកលើការប្រកាស របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតា អនុវត្តលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នា។
ការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ជុំថ្មីបានធ្វើឡើងនៅទីក្រុងដូហា កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ បន្ទាប់ពីអ្នកសម្របសម្រួលទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយប្រកាសថា កិច្ចចរចាបានធ្វើឱ្យមានវឌ្ឍនភាព “ស្ថាបនា” ហើយថាភាគីពាក់ព័ន្ធនឹង បន្តកិច្ចខិតខំប្រឹងប្រែង របស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីចរចារការអនុវត្តកិច្ចព្រមព្រៀង៕
ប្រែសម្រួល ឈូក បូរ៉ា