ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងថា ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន ពីការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៤០,០៩៩នាក់។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមក យោធាអ៊ីស្រាអែលបានសម្លាប់មនុស្ស ២៥នាក់ និងរបួស ៧២នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤០,០៩៩នាក់ និងរបួសដល់ ៩២,៦០៩នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលក្នុងខែតុលា ឆ្នាំ២០២៣។
ជនរងគ្រោះជាច្រើននៅតែកប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ហួសពីលទ្ធភាពរបស់បុគ្គលិកពេទ្យ និងក្រុមការពារស៊ីវិល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា