គៀវ៖ កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារទៅលើស្ពានសំខាន់ទី២នៅក្នុងតំបន់ Kursk ដោយបានបង្កការរំខាន ដល់ផ្លូវផ្គត់ផ្គង់ របស់ទីក្រុងម៉ូស្គូ ខណៈដែលការវាយ លុករបស់ក្រុងគៀវ ដែលមិនធ្លាប់មាន ពីមុនមកនោះទេ នៅលើទឹកដីរបស់រុស្ស៊ី ដែលបានអូសបន្លាយ ឈានចូលដល់សប្តាហ៍ទី២នេះ ។
ទន្ទឹមនឹងនេះដែរ ប្រទេសរុស្ស៊ី បានបង្កើនសម្ពាធ នៅភាគខាងកើត អ៊ុយក្រែន ដោយបានអះអាងថា នឹងដណ្តើមយកភូមិ មួយផ្សេងទៀត ដែលមានចម្ងាយតែប៉ុន្មាន គីឡូម៉ែត្រប៉ុណ្ណោះពីមជ្ឈមណ្ឌលដឹកជញ្ជូន Pokrovsk ដែលគ្រប់គ្រង ដោយអ៊ុយក្រែន ។
លោក Mykola Oleshchuk មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បានលើកឡើងនៅលើបណ្តាញសង្គម Telegram ដោយផ្សព្វផ្សាយខ្សែ វីដេអូពីលើអាកាស អំពីការបំផ្ទុះដែលធ្វើឲ្យដាច់ស្ពាន មួយនៅជិតទីក្រុង Zvannoye របស់ប្រទេសរុស្ស៊ី ។
លោកបានបញ្ជាក់ថា “អាកាសចរណ៍កងទ័ព អាកាសនៅតែបន្តរឹបអូស ភស្តុភាររបស់សត្រូវ នឹងធ្វើការវាយប្រហារ តាមផ្លូវអាកាសយ៉ាង ជាក់លាក់បន្ថែមទៀត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា