ឥស្លាម៉ាបាដ៖ អាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDMA) បានរាយការណ៍ឲ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងគំហុក និង បង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដែលចាប់ផ្តើមនៅក្នុងខែកក្កដា ដែលបានបណ្តាលឲ្យ មនុស្សចំនួន១៨៧នាក់បាត់បង់ជីវិត និងបានបង្ករបួស៣៣៣នាក់នៅតំបន់ផ្សេងៗគ្នារបស់ប្រទេសប៉ាគីស្ថាន ។
អាជ្ញាធរ NDMA បានឲ្យដឹងនៅក្នុងរបាយការណ៍ មួយកាលពីថ្ងៃសៅរ៍ថា កុមារចំនួន៩៦នាក់ និងស្ត្រី ចំនួន៣០នាក់ស្ថិតក្នុងចំណោម អ្នកស្លាប់ទាំងនោះ ។

នៅក្នុងរបាយការណ៍បានដាក់ថា ខេត្ត Punjab ស្ថិតនៅភាគខាងកើត គឺជាតំបន់ដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរជាងគេដោយមានអ្នកស្លាប់ ចំនួន៦៨នាក់ បន្ទាប់មក គឺខេត្ត Khyber Pakhtunkhwa ស្ថិតនៅភាគពាយ័ព្យ និងខេត្ត Sindh ស្ថិតនៅភាគខាងត្បូង ដែលមានអ្នកស្លាប់ចំនួន៦៥នាក់ និងចំនួន៣២នាក់ ។
របាយការណ៍បានឲ្យដឹងទៀតថា មានមនុស្សចំនួន១៣នាក់ ត្រូវបានស្លាប់នៅក្នុងខេត្ត Balochistan ដនៅភាគនិរតី ហើយមនុស្សចំនួន៥នាក់បានស្លាប់នៅ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន និងចំនួន៤នាក់បានស្លាប់នៅក្នុងតំបន់ Gilgit-Baltistan ដែលស្ថិតនៅភាគខាងជើងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
