ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានជនជាតិ ប៉ាឡេស្ទីន ចំនួន១៥នាក់ ត្រូវបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ដែលផ្តោតលើទីតាំងប្រជុំជនចំនួន ០២កន្លែងនៅទីក្រុងហ្គាហ្សា និងក្រុង Khan Younis ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប ។
ប្រភពពីសន្តិសុខប៉ាឡេស្ទីន បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា យន្តហោះរបស់អ៊ីស្រាអ៊ែល បានវាយប្រហារលើការប្រមូលផ្តុំ ជនជាតិប៉ាឡេស្ទីន នៅក្នុងជំរុំជនភៀសខ្លួន Al-Shati ស្ថិតភាគខាងលិច នៃទីក្រុងហ្គាហ្សា ។
ប្រភពពីវេជ្ជសាស្ត្របានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសនេះដែរ បានសម្លាប់មនុស្សអស់ចំនួន៩នាក់ និងបានធ្វើឲ្យមនុស្សជាច្រើននាក់ ផ្សេងទៀតរងរបួស ។ អ្នករបួសទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ។
ប្រភពពីវេជ្ជសាស្ត្របានឲ្យដឹងទៀតថា លើសពីនេះមាន មនុស្សចំនួន៦នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងការ វាយប្រហាររបស់អ៊ីស្រាអ៊ែលលើទីតាំងប្រមូលផ្តុំជនជាតិ ប៉ាឡេស្ទីន នៅជិតកន្លែងចែកចាយអ៊ីនធើរណេតនៅភាគខាងលិចនៃក្រុង Khan Younis ។
លោក Philippe Lazzarini អគ្គស្នងការ UNRWA បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ហៅកាត់ (UNRWA) បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់បុគ្គលិកសង្គ្រោះចំនួន២៨៩នាក់ បូករួមទាំងបុគ្គលិក UNRWA ចំនួន២០៧នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប រួមជាមួយនឹងបុគ្គលិក សុខាភិបាលចំនួន៨៨៥នាក់ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា