គៀវ៖ កន្លែងស្តុកប្រេង និងប្រេងរំអិលមួយកន្លែង បានឆាបឆេះនៅតំបន់ Ternopil ភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានការ វាយប្រហាររបស់រុស្ស៊ី ជាមួយនឹងព័ត៌មានបឋមថា មិនមានអ្នករងរបួសនោះទេ ។
យោងតាមរដ្ឋបាលយោធាតំបន់ Ternopil បានឱ្យដឹងថា កាំជ្រួចដែលត្រូវបានបាញ់ ដោយកងកម្លាំងរុស្ស៊ី បានវាយប្រហារឃ្លាំង ស្តុកទុកក្នុងទីក្រុង Ternopil នៅម៉ោងប្រហែល ៣ទៀបភ្លឺ ម៉ោងក្នុងស្រុក។
ក្រុមអ្នកជួយសង្គ្រោះ ជាង ៩០នាក់ និងឧបករណ៍ជាង ២០គ្រឿង រួមទាំងរថភ្លើងពន្លត់អគ្គីភ័យចំនួន ២ គ្រឿង បានធ្វើការនៅកន្លែង ដើម្បីពន្លត់ភ្លើង។ អាជ្ញាធរមូលដ្ឋានបានជំរុញ ឲ្យប្រជាពលរដ្ឋនៅ ក្នុងផ្ទះរបស់ពួកគេ ហើយបិទបង្អួច ដើម្បីធានាសុវត្ថិភាព។
រដ្ឋបាលយោធាទីក្រុងគៀវ បានឲ្យដឹងថា រដ្ឋធានីអ៊ុយក្រែន ក៏បានស្ថិតនៅក្រោមការវាយប្រហារ ដោយយន្តហោះដ្រូន និងកាំជ្រួចពេញមួយយប់ ដែលមិនបណ្តាល ឱ្យមានអ្នករងរបួសនោះទេ ដោយបន្ថែមថា គោលដៅអាកាសទាំងអស់ ត្រូវបានស្ទាក់ចាប់ស្ទើទស្រុង។
កងទ័ពអាកាសអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាញ់យន្តហោះដ្រូនប្រយុទ្ធ Shahed ចំនួន ២៦គ្រឿង កាំជ្រួចមីស៊ីលផ្លោងចំនួនពីរគឺ Iskander M/KN-23 កាំជ្រួចនាវា Iskander-K និងកាំជ្រួចនាំផ្លូវ Kh-59 ជាច្រើនគ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងការវាយប្រហារពេញមួយយប់នេះ៕
ប្រែសម្រួល ឈូក បូរ៉ា