ព័ត៌មានអន្តរជាតិ

លោក ម៉ាឌូរ៉ូ ៖ លទ្ធិហ្វាស៊ីសនិយម បានបរាជ័យ ក្នុងប្រទេស វេណេស៊ុយអេឡា

AFP

ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានប្រកាសថា “លទ្ធិហ្វាស៊ីសនិយម បានបរាជ័យក្នុងប្រទេសវេណេស៊ុយអេឡា” នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃចន្ទជាមួយថ្នាក់ដឹកនាំជាតិ នៃគណបក្សសង្គមនិយមវេណេស៊ុយអេឡា (PSUV) និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងសម្ព័ន្ធប៉ូលស្នេហាជាតិ ដ៏អស្ចារ្យមួយរបស់ប្រទេសនេះ ។ 

លោក ម៉ាឌូរ៉ូ បានឲ្យដឹងថា “យើងនឹង មិនអនុញ្ញាតឱ្យហ្វាស៊ីស និយមវាយលុកអំណាច នៅក្នុងប្រទេស វេណេស៊ុយអេឡានោះទេ” ដោយអំពាវនាវឱ្យអ្នកគាំទ្របង្រួបបង្រួមជ័យជំនះ ប្រឆាំងនឹងការស្អប់ ប្រឆាំងនឹងការភូតកុហក ប្រឆាំងនឹងឧបាយកលរបស់បរទេស”។

ដោយវាយតម្លៃពីទិដ្ឋភាពនយោបាយរបស់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២៨ ខែកក្កដា លោក ម៉ាឌូរ៉ូ បានឲ្យដឹងថា ក្រុមចម្រុះ និងអ្នកគាំទ្ររបស់ខ្លួន កំពុងយកឈ្នះរដ្ឋប្រហារ។

លោកបានពណ៌នាការប៉ុនប៉ង ក្រោយការបោះឆ្នោត ដើម្បីធ្វើឱ្យប្រទេស មានអស្ថិរភាព តាមរយៈយុទ្ធនាការផ្សព្វផ្សាយ ព័ត៌មាន មិនពិតតាមអ៊ីនធឺណិតថាជា “រដ្ឋប្រហារតាមអ៊ីនធឺណិត”។

លោកបានលើកឡើងថា “លទ្ធិហ្វាស៊ីសនិយមបានបរាជ័យនៅក្នុងប្រទេសវេណេស៊ុយអេឡា យើងបានយកឈ្នះវា” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ភ្លាមៗបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី អំពើហឹង្សាបានផ្ទុះឡើង នៅក្នុងផ្នែកខ្លះ នៃរដ្ឋធានីការ៉ាកាស និងទីក្រុងផ្សេងទៀត ដែលរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា មានការញុះញង់ដោយក្រុមប្រឆាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top