តូក្យូ ៖ ជប៉ុន និងឥណ្ឌា បានព្រមព្រៀងគ្នា ក្នុងអំឡុងកិច្ចពិភាក្សាផ្នែកសន្តិសុខ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអវកាស និងអ៊ីនធឺណិត ខណៈដែលបង្ហាញពីចេតនា របស់ពួកគេក្នុងការពន្លឿន ការពិភាក្សាឆ្ពោះទៅរកការសម្រេច ផែនការ សម្រាប់ទីក្រុងតូក្យូ ក្នុងការនាំចេញអង់តែន ទំនាក់ទំនងកងទ័ពជើងទឹក សម្រាប់នាវាចម្បាំងឥណ្ឌា ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញ ផ្សាយបន្ទាប់ពីកិច្ចពិភាក្សា “ពីរបូកពីរ” ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ នៃប្រទេសទាំង ពីរនៅទីក្រុង ញូវដេលី វាក៏ត្រូវបានសម្រេចផងដែរ នូវសេចក្តីប្រកាសឆ្នាំ២០០៨ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នឹងត្រូវបានធ្វើ បច្ចុប្បន្នភាព ដោយមានការចុះហត្ថលេខា លើការរំពឹងទុកនៅពេល ដែលនាយករដ្ឋមន្រ្តី ឥណ្ឌាលោក ណារិនដ្រា មូឌី គ្រោងនឹងធ្វើទស្សនកិច្ច នៅប្រទេសជប៉ុន នៅចុងឆ្នាំនេះ ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa និងរដ្ឋមន្ត្រីការពារជាតិ Minoru Kihara បានជួបជាមួយសមភាគីឥណ្ឌា Subrahmanyam Jaishankar និង Rajnath Singh ក្នុងកិច្ចចរចា “ពីរបូកពីរ” លើកទីបីរបស់រដ្ឋាភិបាលទាំងពីរចាប់តាំងពីការចាប់ផ្តើមរបស់ពួកគេក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។
ការជួបប្រជុំគ្នានេះ បានធ្វើឡើង ខណៈដែលប្រទេសទាំងពីរបាន និងកំពុងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ចំពេលមានការអះអាងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។ ប្រទេសជប៉ុន ក៏បានកំពុងស្វែងរកការពង្រឹង សមត្ថភាពការពារនៅក្នុងអ្វីដែលហៅថា ដែនថ្មី ដូចជាអវកាស និងអ៊ីនធឺណិត ហើយធ្វើការរួមគ្នាជាមួយប្រទេស ដែលមានគំនិតដូចគ្នានៅក្នុងវិស័យទាំងនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអំពាវនាវឱ្យមាន “ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និង បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ប្រទេសទាំងអស់ ក្នុងការបដិសេធពីការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្នជាឯកតោភាគី”៕
ប្រែសម្រួល ឈូក បូរ៉ា