ព័ត៌មានអន្តរជាតិ

អូស្ត្រាលី និងឥណ្ឌូណេស៊ី ព្រម​ព្រៀងគ្នាបង្កើន ​ទំនាក់ទំនង ​ការពារជាតិទ្វេភាគី

កង់បេរ៉ា ៖ អូស្ត្រាលី និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងការពារជាតិ របស់ពួកគេទៅជាកិច្ចព្រមព្រៀង កម្រិតសន្ធិសញ្ញា នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី និងលោក Prabowo Subianto ដែលជាប្រធានាធិបតីជាប់ឆ្នោត និងជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារបានប្រកាសពីការបញ្ចប់ការចរចា ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិអូស្ត្រាលី-ឥណ្ឌូនេស៊ី បន្ទាប់ពីបានជួបពិភាក្សាគ្នានៅទីក្រុងកង់បេរ៉ា។

កតិកាសញ្ញាកម្រិតសន្ធិសញ្ញានេះ រួមមានការផ្តល់ជូន សម្រាប់សមយុទ្ធរួម និងសម្រាប់យោធាអូស្ត្រាលី និងឥណ្ឌូណេស៊ី ដើម្បីធ្វើប្រតិបត្តិការពីប្រទេស របស់គ្នាទៅវិញទៅមក។

លោក អាល់បានី បានប្រាប់អ្នកយកព័ត៌មាននៅក្នុង សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Prabowo និងលោក Richard Marles ថា “វានឹងក្លាយជាផែនការដ៏សំខាន់ សម្រាប់ប្រទេស របស់យើងទាំងពីរ ដើម្បីគាំទ្រដល់សន្តិសុខគ្នាទៅវិញទៅមក ដែលមានសារៈសំខាន់ សម្រាប់ប្រទេសទាំងពីរ ហើយក៏សម្រាប់ស្ថិរភាព នៃតំបន់ដែលយើងចែករំលែកផងដែរ” ។ 

កិច្ចព្រមព្រៀងនេះ ការចរចា ដែលបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២៣ ក៏នឹងធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងអប់រំរវាងប្រទេស និងបង្កើនកិច្ចសហប្រតិបត្តិការ លើសន្តិសុខដែនសមុទ្រផងដែរ។

លោក Prabowo ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ី កាលពីក្នុងខែកុម្ភៈ ហើយនឹងត្រូវសម្ពោធចូលកានលតំណែងនៅខែតុលា បានថ្លែងអំណរគុណដល់លោក អាល់បានី និងលោក Marles សម្រាប់វឌ្ឍនភាព លើកិច្ចព្រមព្រៀងការពារជាតិ ប៉ុន្តែក៏បានអំពាវនាវ ឱ្យអូស្ត្រាលីពង្រីកជំនួយ និងជំនួយបន្ថែមទៀត ក្នុងវិស័យកសិកម្ម សន្តិសុខស្បៀង និងគ្រឿងញៀន៕

To Top