យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមគ្រួសារ ចំណាប់ខ្មាំង កាលពីថ្ងៃអង្គារថា លោកមិនច្បាស់ថា តើកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស់ នឹងអាចសម្រេចបានឬយ៉ាងណានោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល នឹងមិនបោះបង់ការគ្រប់គ្រងច្រករបៀងពីរ នៅតំបន់ហ្គាហ្សាស្ទ្រីប នោះទេ។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងវេទិកា Gvura Forum និង Tikva Forum ដែលជាក្រុមពីរតំណាងឱ្យគ្រួសារ ចំណាប់ខ្មាំង ដូចដែលបានរាយការណ៍ ដោយទូរទស្សន៍ Kan TV ថា “អ៊ីស្រាអែល នឹងមិនដកខ្លួន នៅក្រោម កាលៈទេសៈណា មួយពីច្រករបៀង Philadelphi និងច្រករបៀង Netzarim នោះទេ ទោះបីជាមានសម្ពាធយ៉ាងខ្លាំង ក្នុងការធ្វើដូច្នេះក៏ដោយ”។
ច្រករបៀង Philadelphia គឺជាតំបន់ព្រំដែនរវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សា ខណៈដែលច្រករបៀង Netzarim បែងចែកតំបន់ជុំវិញទៅជាតំបន់ភាគខាងជើង និងភាគខាងត្បូង។ កងកម្លាំងអ៊ីស្រាអែល បច្ចុប្បន្នគ្រប់គ្រងច្ររបៀងទាំងពីរ ប៉ុន្តែក្រុមហាម៉ាស់ បានទទូចលើការដកខ្លួនរបស់អ៊ីស្រាអែលជាផ្នែកនៃកិច្ចព្រមព្រៀងឈប់បាញ់។
ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ មិនបានបដិសេធ ការអត្ថាធិប្បាយ ដែលត្រូវបានរាយការណ៍ថា បានធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំរបស់លោក ជាមួយក្រុមគ្រួសារចំណាប់ខ្មាំងនោះទេ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ណេតាន់យ៉ាហ៊ូ បានសន្យាថានឹង ” រក្សាទ្រព្យសម្បត្តិសន្តិសុខ ជាយុទ្ធសាស្ត្ររបស់យើង ទោះបីជាមានសម្ពាធ ខ្លាំងក៏ដោយ” ។
មន្ត្រីអ៊ីស្រាអែល ដែលពាក់ព័ន្ធ នឹងការចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សា បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ពីការប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដើម្បីឈាន ដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីសំណើស្ពានថ្មីមួយ ត្រូវបានបង្ហាញ នៅក្នុងប្រទេសកាតាកាលពីចុងសប្តាហ៍៕
ប្រែសម្រួល ឈូក បូរ៉ា