តេអេរ៉ង់៖ អ៊ីរ៉ង់ បានបិទសាខាចំនួនពីរនៃ “មជ្ឈមណ្ឌលខុសច្បាប់ ដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាល្លឺម៉ង់” នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ ដោយសារតែសកម្មភាពខុសច្បាប់ផ្សេងៗ និងការរំលោភលើ ផ្នែកហិរញ្ញវត្ថុដ៏រីករាល ដាលរបស់ពួកគេ”។
ទីភ្នាក់ងារសារព័ត៌មាន Mizan នៃស្ថាប័នតុលាការអ៊ីរ៉ង់បានរាយការណ៍ថា ការបិទនេះធ្វើឡើងតាមដីកាតុលាការ សម្រាប់ការរំលោភលើច្បាប់អ៊ីរ៉ង់” របស់សាខាទាំងពីរខាងលើនេះ។
យ៉ាងណាមិញ របាយការណ៍នេះបានបោះពុម្ពរូបថត របស់កងកម្លាំងសន្តិសុខអ៊ីរ៉ង់ដែលបានទម្លាក់ស្លាកសញ្ញាវិទ្យាស្ថានភាសាអាល្លឺម៉ង់នៃទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមរបាយការណ៍នេះ អាជ្ញាធរអ៊ីរ៉ង់ ក៏បានទទួលរបាយការណ៍ អំពីការរំលោភបំពាន ដោយមជ្ឈមណ្ឌលផ្សេងទៀត ដែលពាក់ព័ន្ធជាមួយរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបច្ចុប្បន្នកំពុង ស្ថិតនៅក្រោមការស៊ើបអង្កេត។
ការបិទនេះបានកើតឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃអាល្លឺម៉ង់ កាលពីខែកក្កដាក្នុងការហាម ឃាត់មជ្ឈមណ្ឌលអ៊ីស្លាមនៅទីក្រុង Hamburg និងអង្គការដែលពាក់ព័ន្ធនៅទូទាំង ប្រទេសអាល្លឺម៉ង់ ដោយអះអាងថា មជ្ឈមណ្ឌលនេះគឺជា “អង្គការជ្រុលនិយមអ៊ិស្លាម ដែលបន្តគោលបំណង ប្រឆាំងនឹងរដ្ឋធម្មនុញ្ញប្រទេសរបស់ខ្លួន”៕
ប្រែសម្រួល ឈូក បូរ៉ា