ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានហៅសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អំពីចលនាដែលងាកចេញពីកិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប “ជាការយល់ច្រឡំ” ។
ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានមើលការអះអាងរបស់លោក បៃដិន ជាមួយនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងការមិនពេញចិត្ត ដោយកត់សម្គាល់ថា ពួកគេមិនឆ្លុះបញ្ចាំងពីជំហរពិតនៃចលនា ដែលមានបំណងចង់ឈានដល់ការបញ្ឈប់ការឈ្លានពាន។
ប្រភពបានបន្ថែមថា សេចក្តីថ្លែងការណ៍នេះ គឺជាផ្នែកមួយនៃភាពលំអៀងរបស់អាមេរិក ចំពោះអ៊ីស្រាអែល និងជាភ្លើងខៀវរបស់អាមេរិកជាថ្មីសម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មបន្ថែមទៀតប្រឆាំងនឹងជនស៊ីវិល ដែលគ្មានទីពឹងក្នុងការស្វែងរកគោលដៅនៃការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅប្រជាជនរបស់យើង។
ប្រភពបានឲ្យដឹងទៀតថា អ្នកសម្រុះសម្រួលក្នុងប្រទេសកាតា និងអេហ្ស៊ីបដឹងថា ក្រុមហាម៉ាស់បានដោះស្រាយជាវិជ្ជមាន និងទទួលខុសត្រូវក្នុងគ្រប់ការចរចាមុនៗ ហើយថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ តែងតែជាអ្នករារាំងដល់ការឈានដល់ កិច្ចព្រមព្រៀងដោយការកំណត់លក្ខខណ្ឌ និងការទាមទារថ្មីៗ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក្រុមហាម៉ាស់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអ្វីដែលបានព្រមព្រៀងជាមួយអ្នកសម្រុះសម្រួលកាលពីថ្ងៃទី០២ ខែកក្កដា ដោយផ្អែកលើសេចក្តីប្រកាសរបស់លោក បៃដិន និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឱ្យអ្នកសម្រុះសម្រួលបំពេញការទទួលខុសត្រូវរបស់ពួកគេ និងជំរុញការកាន់កាប់នេះឱ្យទទួលយកវា។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា កាលពីយប់ថ្ងៃច័ន្ទ លោក បៃដិន បានចោទប្រកាន់ក្រុមហាម៉ាស់ ពីបទ “គាំទ្រ” ពីកិច្ចព្រមព្រៀងចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល ដែលនឹងបញ្ឈប់ការប្រយុទ្ធ ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា