ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រមាណ៤០នាក់នៅតំបន់ រ៉ាហ្វា (Rafah) ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប តាមរយៈការប្រយុទ្ធគ្នាជិត១ត្រីមាស និងការវាយប្រហារតាមផ្លូវអាកាស ។
កងកម្លាំង IDF បានបញ្ជាក់ថា កងទ័ព IDF កំពុងបន្តប្រតិបត្តិការកំណត់គោលដៅនៅក្នុងតំបន់ Tel al-Sultan នៃតំបន់ Rafah ដោយបានកត់សម្គាល់ឃើញថា នៅក្នុងប្រតិបត្តិការមួយនេះ កងទ័ពរបស់ខ្លួនបានកំណត់អត្តសញ្ញាណ “ក្រុមភេរវករ” ប្រដាប់ដោយគ្រាប់បែកដៃបាញ់ គ្រាប់រ៉ុក្កែត ដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធយោធា ហើយត្រូវបានវាយប្រហារជាបន្តបន្ទាប់ដោយកងកម្លាំងទ័ពអាកាសអ៊ីស្រាអ៊ែល (IAF) ។
ចំពោះការវាយប្រហាររបស់ទ័ព IAF ក៏បានកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ២នាក់ ដែលបានចេញពីផ្លូវរូងក្រោមដីភេរវកម្ម ហើយបានព្យាយាមដាក់ឧបករណ៍បំផ្ទុះនៅជិតកងទ័ពជើងគោក ដោយបានសម្លាប់ពួកគេនៅក្នុងដំណើរការនេះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា