អ៊ីស្តង់ប៊ុល៖ យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ TRT បានឲ្យដឹងថា នៅថ្ងៃពុធនេះ ប៉ូលិសតួកគីបានចាប់ខ្លួនជនចំណាកស្រុក ខុសច្បាប់ចំនួន ៣២នាក់នៅក្នុងខេត្ត Kirklareli ដែលស្ថិតនៅភាគពាយព្យ ក្បែរព្រំដែនប្រទេសប៊ុលហ្គារី ។
ជនចំណាកស្រុកទាំងនោះត្រូវបាន ឃុំខ្លួនក្នុងអំឡុងពេលប្រតិបត្តិការ អនុវត្តច្បាប់នៅជិតស្រុក Pinarhisar នៅគ្រាដែលប៉ូលិសផ្តល់សញ្ញា ឱ្យរថយន្តដឹកទំនិញឈប់ ដែលមិនអើពើនឹងការព្រមាន ហើយបានបើករត់គេចខ្លួន ដែលនាំឱ្យមានការដេញតាមច្រកទ្វារព្រំដែន Derekoy ឆ្ពោះទៅកាន់ប្រទេសប៊ុលហ្គារី ។
លុះក្រោយមក ការដេញតាមរបស់ប៉ូលិសបានឃាត់រថយន្តនោះ ហើយបានរកឃើញជនចំណាកស្រុកចំនួន៣២នាក់ ដែលមានសញ្ជាតិផ្សេងៗ លាក់ខ្លួននៅខាងក្រោយ ។ ជនចំណាកស្រុកត្រូវបានបញ្ជូន ទៅកាន់មន្ទីរប្រឆាំងការរត់ពន្ធជន ចំណាកស្រុកនៃមន្ទីរសន្តិសុខខេត្តខាងលើ ។
សារព័ត៌មាន TRT ក៏បានរាយការណ៍ឲ្យដឹងផងដែរថា អ្នកបើកបររថយន្តដឹកទំនិញដែលត្រូវបានឃាត់ខ្លួន គឺត្រូវបានចាប់ខ្លួនចោទពីបទល្មើស ២ផ្សេងគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា