បាងកក៖ នៅថ្ងៃពុធនេះ ប្រទេសថៃឡង់ដ៏ បានចេញរបាយការណ៍ពីករណី ដំបូងដែលសង្ស័យថា មានមេរោគបង្កជំងឺអុតស្វា ហៅកាត់ (mpox) ដ៏គ្រោះថ្នាក់បន្ថែមទៀត ដែលអង្គការសុខភាពពិភពលោក(WHO) បានប្រកាសអាសន្នសុខភាព សាធារណៈជាសកល ។
លោក Thongchai Keeratihattayakorn ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺ របស់ព្រះរាជាណាចក្រថៃបានលើកឡើងថា អ្នកជំងឺ គឺជាជនជាតិអឺរ៉ុប ដែលបានមកដល់ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃទី១៤ ខែសីហា គឺមកពីប្រទេសអាហ្រ្វិក ដែលជំងឺនេះកំពុងរីករាលដាល ។
គាត់មិនបានបញ្ជាក់ឈ្មោះថា ស្ថិតនៅក្នុងប្រទេសណាមួយនោះទេ នៅទ្វីបអាហ្វ្រិកនោះ ។
ការធ្វើតេស្តមន្ទីរពិសោធន៍កំពុង ដំណើរការដើម្បីបញ្ជាក់អំពីជំងឺ ប៉ុន្តែក្រុមមន្ត្រីជឿថា ជំងឺនេះមកពី មេរោគប្រភេទ Clade 1។ អ្នកឆ្លងត្រូវបានដាក់ឱ្យនៅដាច់ ដោយឡែកពីគេក្នុងមន្ទីរពេទ្យ ។
លោក Thongchai បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “យើងបានធ្វើតេស្តមួយ ហើយពួកគេប្រាកដជាមានផ្ទុកវីរុសបង្កជំងឺ mpox ហើយវាប្រាកដជាមិនមែនជា Clade 2 នោះទេ” ។
លោកបានបញ្ជាក់ថា “យើងជឿជាក់ថា បុគ្គលនោះមានមេរោគប្រភេទ Clade 1 ប៉ុន្តែយើងត្រូវរង់ចាំមើលលទ្ធផលចុងក្រោយ នៅក្នុងបន្ទប់ពិសោធន៍រយៈពេល២ថ្ងៃទៀត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា