តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលរងគ្រោះដោយគ្រោះមហន្តរាយ គ្រោងនឹងព្យាយាមយកឥន្ធនៈរលាយចំនួនតិចតួចចេញពីម៉ាស៊ីនរ៉េអាក់ទ័រ ដែលខូចមួយរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែបានសម្រេចចិត្តផ្អាកការទាញយកសាកល្បង ដោយសារបញ្ហាដែលបានរកឃើញអំឡុងពេលរៀបចំ។
ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. មិនបានបញ្ជាក់ឲ្យដឹងនោះទេថា នៅពេលណាដែលខ្លួននឹងព្យាយាមម្តងទៀតបន្ទាប់ពីបានផ្អាកប្រតិបត្តិការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកំហុសក្នុងការដំឡើងត្រូវបានកំណត់នៅក្នុងឧបករណ៍ទាញយកកំទេចកំទី។
វាគឺជាការប៉ុនប៉ងលើកដំបូងបែបនេះ ដើម្បីយកកំទេចកំទីដោយក្រុមហ៊ុន TEPCO ចាប់តាំងពីរោងចក្រនៅក្នុងខេត្តហ្វូគូស៊ីម៉ា ត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ ជាងមួយទសវត្សរ៍មុន។
ប្រធាន TEPCO លោក Tomoaki Kobayakawa បានប្រាប់អ្នកយកព័ត៌មាននៅខេត្ត Niigata ជាកន្លែងដែលលោកកំពុងទៅទស្សនា ដើម្បីពិភាក្សាអំពីម៉ាស៊ីនរ៉េអាក់ទ័រមួយទៀតដែលដំណើរការដោយក្រុមហ៊ុនថា “វាជាការប្រសើរក្នុងការបន្តការងារដោយសុវត្ថិភាព និងស្ថិរភាព ជាជាងការប្រញាប់ប្រញាល់” ។
ការសាកល្បងនេះនឹងស្វែងរកការទាញយកសំណល់ឥន្ធនៈពីរបីក្រាមពីអង្គភាពលេខ២ ក្នុងរយៈពេលប្រហែលពីរសប្តាហ៍ប៉ុណ្ណោះ។ វិធីសាស្រ្តនៃការយកចេញនូវឥន្ធនៈរលាយទាំងអស់ដែលនៅសេសសល់ក្នុងម៉ាស៊ីនរ៉េអាក់ទ័រលេខ១ ដល់លេខ៣ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ ដោយបន្សល់ទុកនូវបញ្ហាប្រឈមធំៗនៅក្នុងផែនការរំលាយចោលអស់ជាច្រើនទសវត្សរ៍របស់រោងចក្រ។
ក្រុមហ៊ុន TEPCO បានជ្រើសរើសម៉ាស៊ីនរ៉េអាក់ទ័រលេខ២ ជាអ្នកដំបូងដែលចាប់ផ្តើមការងារទាញយកកំទេចកំទីឥន្ធនៈ ដោយសារស្ថានភាពខាងក្នុងត្រូវបានយល់ច្បាស់ជាងកន្លែងផ្សេងទៀត៕
ប្រែសម្រួល ឈូក បូរ៉ា