ព័ត៌មានអន្តរជាតិ

ចិន៖ ទីក្រុងប៉េកាំង គ្មានចេតនាក្នុងការប្រណាំងអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែអាមេរិកទៅវិញនោះទេ ដែលជាប្រភពចម្បងនៃការគំរាមកំហែងនុយក្លេអ៊ែរ

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការភ័យខ្លាចរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន គឺគ្មានមូលដ្ឋានទាំងស្រុងនោះទេ។ ការអត្ថាធិប្បាយរបស់លោកស្រី Mao Ning បានកើតឡើងបន្ទាប់ពីកាសែត New York Times បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើបច្ចុប្បន្នភាពដោយស្ងាត់ស្ងៀមនូវការណែនាំស្តីពីការងារនុយក្លេអ៊ែរ ដោយផ្តោតលើគោលបំណងប្រឆាំងនឹងប្រទេសចិន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោកស្រី Mao Ning បាននិយាយថា ទីក្រុងប៉េកាំងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នេះ។ លោកស្រីបាននិយាយថា “សហរដ្ឋអាមេរិកបានហៅប្រទេសចិនថាជា “ការគំរាមកំហែងនុយក្លេអ៊ែរ” ហើយបានប្រើវាជាលេសដ៏ងាយស្រួលសម្រាប់សហរដ្ឋអាមេរិកក្នុងការបិទកាតព្វកិច្ចរបស់ខ្លួនក្នុងការរំសាយអាវុធនុយក្លេអ៊ែរ។

លោកស្រីបានបន្ថែមថា ទំហំនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនគឺ “មិនស្ថិតលើកម្រិតដូចគ្នាជាមួយសហរដ្ឋអាមេរិកទេ” ដោយសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង “អនុវត្តតាមគោលនយោបាយ “គ្មានការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាលើកដំបូង” ហើយតែងតែរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលត្រូវការដោយសន្តិសុខជាតិ» ។ លោកស្រីបានបញ្ជាក់ថា ចិនគ្មានចេតនាចូលរួមក្នុងគ្រប់ទម្រង់នៃការប្រណាំងសព្វាវុធជាមួយរដ្ឋដទៃនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានអះអាងថា “វាគឺជាសហរដ្ឋអាមេរិកទៅវិញនោះទេ ដែលជាប្រភពចម្បងនៃការគំរាមកំហែងនុយក្លេអ៊ែរ និងហានិភ័យជាយុទ្ធសាស្ត្រនៅក្នុងពិភពលោក” ។

សូមជម្រាបថា នៅឆ្នាំ ២០២៣ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា ប្រទេសចិននឹងកើនឡើងទ្វេដងនៃឃ្លាំងអាវុធនុយក្លេអ៊ែរប្រតិបត្តិការរបស់ខ្លួនដល់ជាង ១.០០០ ក្បាលគ្រាប់នៅត្រឹមឆ្នាំ ២០៣០។ អាមេរិកបច្ចុប្បន្នមានក្បាលគ្រាប់ចំនួន ៥.៥៥០ក្បាលគ្រាប់ ខណៈរុស្ស៊ីមានក្បាលគ្រាប់ចំនួន ៦.២៥៥ក្បាលគ្រាប់, នេះបើយោងតាមការប៉ាន់ស្មានដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm ។

សេតវិមានបានបង្ហាញការបន្ធូរបន្ថយការព្រួយបារម្ភរបស់ចិន ដោយអ្នកនាំពាក្យលោក Sean Savett បានពណ៌នាអំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រនុយក្លេអ៊ែរថា ជាការធ្វើបច្ចុប្បន្នភាពជាប្រចាំ ដែលមិនមែនជាការឆ្លើយតបចំពោះអង្គភាព ប្រទេស ឬការគំរាមកំហែងណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសហរដ្ឋអាមេរិកបានពណ៌នាម្តងហើយម្តងទៀតថាទីក្រុងប៉េកាំងជា “បញ្ហាប្រឈម” ចំពោះសន្តិភាពពិភពលោក ហើយបានចោទប្រកាន់ថា ចិនមានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងយោធានៅឥណ្ឌូប៉ាស៊ីហ្វិក។ ផ្ទុយទៅវិញ ទីក្រុងប៉េកាំងបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះភាពតានតឹងដែលកំពុងបន្ត ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ចោល “ចិត្តគំនិតសង្គ្រាមត្រជាក់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top