តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់អ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឲ្យដឹងថា ក្រសួងរបស់លោកនឹងជំរុញទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងតូក្យូលើគ្រប់ទិដ្ឋភាពទាំងអស់ ដោយផ្អែកលើផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយ ដែលបង្កើតឡើងនៅលើចំណេះដឹងជ្រៅជ្រះរបស់លោកអំពីប្រទេសជប៉ុន ហើយនឹងសហការជាមួយទីក្រុងតូក្យូ ដើម្បីដោះស្រាយវិបត្តិក្នុងតំបន់រួមគ្នា។
អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសជប៉ុន បានប្រាប់កាសែតក្យូដូ ដោយផ្តល់បទសម្ភាសន៍ផ្តាច់មុខជាលើកដំបូង បន្ទាប់ពីត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់កាលពីថ្ងៃពុធធ្វើជារដ្ឋមន្ត្រីការបរទេសរយៈពេល ៤ឆ្នាំបន្ទាប់ បានឲ្យដឹងថា “ខ្ញុំដឹងពីសមត្ថភាព និងសមត្ថភាពរបស់ប្រទេសជប៉ុន ប្រទេសជប៉ុនអាចមានសារៈសំខាន់ជាងអ្វីដែលមាននៅក្នុងផ្នែកថាមពល ប្រេង និងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់” ។
លោករដ្ឋមន្ត្រីបានបន្ដថា ប្រទេសអ៊ីរ៉ង់ នឹងស្វាគមន៍ក្រុមហ៊ុនជប៉ុន ដែលចាប់អារម្មណ៍ក្នុងការធ្វើការក្នុងវិស័យប្រេង និងថាមពល ដោយលោកបានបន្ថែមថា ប្រទេសជប៉ុន អាចវិលត្រឡប់ទៅកាន់វិស័យប្រេងរបស់អ៊ីរ៉ង់ និងរួមចំណែកក្នុងការពង្រីកផលិតកម្មប្រេងរបស់ខ្លួន។
ដោយសារការដាក់ទណ្ឌកម្មឯកតោភាគីរាប់រយលើសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ រួមទាំងធនាគារ និងពាណិជ្ជកម្ម ដែលបានដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងទសវត្សរ៍កន្លងមក ដើម្បីទប់ស្កាត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជប៉ុនត្រូវបោះបង់ចោលទីផ្សារអ៊ីរ៉ង់។
លោក Araghchi ជឿជាក់ថា អ៊ីរ៉ង់ និងជប៉ុន ជាមួយនឹងសមត្ថភាពដាច់ដោយឡែកពីគ្នារបស់ពួកគេ ប៉ុន្តែមានសក្តានុពលដ៏ធំធេង សម្រាប់ការបង្កើតភាពជាដៃគូ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងស្ថិរភាពនៅទូទាំងតំបន់អាស៊ី។
លោកបានបន្ដថា “នៅក្នុងពន្លឺនេះ ការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអ៊ីរ៉ង់ និងជប៉ុន លេចឡើងជាជម្រើសធម្មជាតិ និងសមហេតុផល យើងរំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនលើផ្លូវនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា” ៕
ប្រែសម្រួល ឈូក បូរ៉ា