យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបដិសេធកាលពីថ្ងៃពុធដែលថា លោកបានយល់ព្រមដកកងកម្លាំង យោធាចេញពីព្រំដែនហ្គាហ្សា-អេហ្ស៊ីប ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏មានសក្តានុពលជាមួយក្រុមហាម៉ាស់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោក។
សំណើដែលគាំទ្រដោយសហរដ្ឋអាមេរិកបច្ចុប្បន្ន សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកាលពីថ្ងៃចន្ទ អ៊ីស្រាអែល បានទទួលយក រួមមានការដកកងទ័ពអ៊ីស្រាអែល ចេញពីច្រករបៀង Philadelphia ដែលជាតំបន់ព្រំដែនដ៏សំខាន់រវាងតំបន់ហ្គាហ្សាស្ទ្រីប និងអេហ្ស៊ីប។

ទាំងក្រុមហាម៉ាស់ និងអេហ្ស៊ីប ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់ក្នុងការចរចា តាមសេចក្តីរាយការណ៍ ប្រឆាំងនឹងការគ្រប់គ្រងរបស់អ៊ីស្រាអែល លើច្រករបៀង នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ណេតាន់យ៉ាហ៊ូ បានហៅរបាយការណ៍នេះថា “មិនត្រឹមត្រូវ” ហើយបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល មិនបានយល់ព្រមបោះបង់ ការគ្រប់គ្រងលើតំបន់នោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោក។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អ៊ីស្រាអែលនឹងទទូចឱ្យសម្រេចបាន នូវគោលបំណងសង្រ្គាមទាំងអស់របស់ខ្លួន ដូចដែលបានកំណត់ដោយគណៈរដ្ឋមន្ត្រីសន្តិសុខ រួមទាំងការធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែង ផ្នែកសន្តិសុខដល់អ៊ីស្រាអែលទៀតនោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា
