ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីឥណ្ឌា អំពាវនាវឱ្យមានសន្តិភាព និងស្ថិរភាព នៅពេលលោកធ្វើដំណើរទៅអ៊ុយក្រែន និងសន្យាចែករំលែកទស្សនៈលើ ដំណោះស្រាយសន្តិភាព ក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន

AFP

បរទេស៖ មុនពេលដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសន្តិភាព និងស្ថិរភាពឱ្យបានឆាប់ ហើយបាននិយាយថា លោកនឹង “ចែករំលែកទស្សនៈ” លើដំណោះស្រាយសន្តិភាព នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Modi នឹងធ្វើដំណើរទៅកាន់ទីក្រុងគៀវ នៅថ្ងៃសុក្រ បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញ។ លោកនឹងជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ប៉ុន្មានសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីឥណ្ឌាទៅកាន់ដៃគូ ដ៏យូរអង្វែងរបស់ខ្លួននៅទីក្រុងម៉ូស្គូ ដែលបានទាក់ទាញការរិះគន់យ៉ាងខ្លាំង ពីមេដឹកនាំអ៊ុយក្រែន។

លោក Modi បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែកក្កដា នៅថ្ងៃដែលកាំជ្រួចរុស្ស៊ី បានវាយប្រហារគោលដៅជាច្រើន រួមទាំងមន្ទីរពេទ្យកុមារក្នុងទីក្រុងគៀវ បានសម្លាប់ជនស៊ីវិលជាច្រើននាក់។ មេដឹកនាំឥណ្ឌាបានហៅការស្លាប់របស់កុមារថា ជាភាពសោកសៅខ្លាំង ប៉ុន្តែរូបភាពលោក Modi ឱបលោកពូទីន គឺជារឿងអាម៉ាស់, នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។

លោក Zelenskyy បាននិយាយថា វាគឺជា “ការខកចិត្តដ៏ធំ និងជាការបំផ្លិចបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព” ដើម្បីឃើញ លោក Modi ឱប “ឧក្រិដ្ឋជនបង្ហូរឈាមបំផុតរបស់ ពិភពលោកនៅទីក្រុងមូស្គូនៅថ្ងៃបែបនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top