ញ៉ូដេលី៖ កាលពីថ្ងៃពុធ មានមនុស្សយ៉ាងហោចណាស់ ចំនួន១៤នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ក្រោយពីមានអគ្គីភ័យមួយ បានកើតឡើងដោយ បានឆាបឆេះបន្ទាប់ពីករណីផ្ទុះនៅឯរោងចក្រ ផលិតឱសថ១កន្លែងនៅរដ្ឋ Andhra Pradesh ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
អគ្គីភ័យនេះបង្កឡើង ដោយការផ្ទុះនៅក្បែរទីតាំងម៉ាស៊ីនរ៉េអាក់ទ័រ នៅខាងក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស Atchutapuram ហៅកាត់ថា (SEZ) នៅស្រុក Anakapalle ស្ថិតនៅចម្ងាយប្រហែល៣០ គីឡូម៉ែត្រមនៅភាគខាងលិច នៃក្រុង Vishakhapatnam ដែលជាទីក្រុងសំខាន់នៃរដ្ឋ Andhra Pradesh ។
មន្ត្រីមួយរូបបម្រើការ នៅក្រុមហ៊ុនប្រមូលទិញ Anakapalli បានឲ្យដឹងថា “ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះនាថ្ងៃនេះ និងភ្លើងឆេះយ៉ាងខ្លាំង ជាបន្តបន្ទាប់នៅឯក្រុមហ៊ុន ឱសថ Escientia ក្នុងតំបន់សេដ្ឋកិច្ចពិសេស Atchutapuram បានកើនឡើងដល់១៤ នាក់ហើយ” ។ “គិតចាប់តាំងពីប្រតិបត្តិការជួយសង្គ្រោះ កំពុងដំណើរការ ព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវបានចែករំលែកក្រោយពីការឈានដល់ចំណុចកំពូល” ។
បើតាមការបញ្ជាក់របស់មន្ត្រីបានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅអំឡុងពេលបាយថ្ងៃត្រង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា