ព័ត៌មានអន្តរជាតិ

តុលាការកំពូល វេណេស៊ុយអេឡា ផ្តល់សុពលភាព លទ្ធផលបោះឆ្នោត ប្រធានាធិបតី

AFP

ការ៉ាកាស៖ តុលាការយុត្តិធម៌កំពូល នៃប្រទេសវេណេស៊ុយអេឡា (TSJ) បានធ្វើឱ្យមានសុពលភាពលទ្ធផល នៃការបោះឆ្នោត ប្រធានាធិបតី ដែលបានធ្វើឡើង កាលពីខែមុនដែលបានប្រកាសថា លោក នីកូឡា ម៉ាឌូរ៉ូ ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេសវេណេស៊ុយអេឡាឡើងវិញ។

ប្រធានតុលាការលោកស្រី Caryslia Beatriz Rodriguez បានឲ្យដឹងថា ក្រុម​ប្រឹក្សា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា សភា​បោះ​ឆ្នោត​របស់​តុលាការ​បាន ​ផ្តល់​សុពលភាព​លទ្ធផល ​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា។

លោកស្រីបានលើកឡើងថា សេចក្តីសម្រេចនេះត្រូវបាន “ផ្ទៀងផ្ទាត់ក្នុងលក្ខណៈគ្មានការរឹតត្បិត និងច្បាស់លាស់” ដោយអ្នកជំនាញការបោះឆ្នោតជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុង ដំណើរការសវនកម្ម។

ប្រធានតុលាការរូបនេះ បានបន្ថែមថា អ្នកជំនាញការបោះឆ្នោតបានឲ្យដឹងថា លទ្ធផល “ត្រូវបានគាំទ្រដោយសន្លឹកឆ្នោត” ដែលបង្កើតដោយម៉ាស៊ីនបោះឆ្នោត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកស្រីបានបន្ដថា សម្ភារៈបោះឆ្នោតទាំងអស់ ដែលផ្តល់ ដោយក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោត និងគណបក្សនយោបាយ នៅតែស្ថិតក្នុងការ ទុកដាក់របស់សភាបោះឆ្នោត នៃតុលាការកំពូល វេណេស៊ុយអេឡា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top