បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃសុក្រនេះថា ក្រសួងការបរទេសកូរ៉េខាងជើងបានបរិហារគម្រោងលក់ឧទ្ធម្ភាគចក្រ Apache របស់សហរដ្ឋអាមេរិកទៅឱ្យកូរ៉េខាងត្បូង ដោយកូរ៉េខាងជើងក៏បានសន្យាថា នឹងចាត់វិធានការបន្ថែមទៀតដើម្បីពង្រឹងការការពាររបស់ខ្លួន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ Apache និងជំនួយផ្នែកដឹកជញ្ជូនដែលពាក់ព័ន្ធដល់កូរ៉េខាងត្បូងក្នុងតម្លៃប្រមាណ ៣,៥ ពាន់លានដុល្លារ។
មន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះទទួលបន្ទុកព័ត៌មានបរទេសនៅក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ដោយរិះគន់ផែនការលក់នេះថា ជាការផ្លាស់ប្តូរដើម្បីធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ រួមជាមួយនឹងសមយុទ្ធយោធាប្រចាំឆ្នាំដែលកំពុងបន្តដោយសម្ព័ន្ធមិត្តរបស់អាមេរិកនេះ។
យោងតាម KCNA, មន្ត្រីបាននិយាយថា “នេះគឺជាទង្វើញុះញង់ដែលមិនប្រុងប្រយ័ត្ននៃការបង្កើនអស្ថិរភាពសន្តិសុខនៅក្នុងតំបន់” ។
មន្ត្រីរូបនេះបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បង្កើនការប្រឈមមុខដាក់គ្នាផ្នែកយោធា “រំខានដល់តុល្យភាពយោធា ហើយបង្កើនគ្រោះថ្នាក់នៃជម្លោះថ្មី” នៅក្នុងតំបន់ដោយការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់សម្ព័ន្ធមិត្ត និងមិត្តរបស់ខ្លួន។
សេចក្តីថ្លែងការណ៍បាននិយាយថា “ការរារាំងជាយុទ្ធសាស្ត្ររបស់ទីក្រុងព្យុងយ៉ាង នឹងត្រូវបានពង្រឹងបន្ថែមទៀតដើម្បីការពារសន្តិសុខ និងផលប្រយោជន៍ជាតិ និងសន្តិភាពក្នុងតំបន់” ដោយបានសន្យាថា នឹងធ្វើសកម្មភាពយោធាជាបន្តបន្ទាប់ ដើម្បីជំរុញការការពារខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា