ព័ត៌មានអន្តរជាតិ

ហុងគ្រីព្រមានបញ្ជូនជនភៀសខ្លួន ទៅបណ្តាសមាជិកអឺរ៉ុបផ្សេងទៀតនៅភាគខាងលិច

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូបបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសហុងគ្រីអាចបង់ប្រាក់សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដើម្បីធ្វើដំណើរទៅកាន់អឺរ៉ុបខាងលិចជាជាងស្នាក់នៅក្នុងប្រទេសរបស់ខ្លួន។

លោក Gergely Gulyas ដែល​ជា​ប្រធាន​ការិយាល័យតំណាងឲ្យ​នាយក​រដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បាន​ហៅ​ផែនការ​នេះ​ថា​ជា​ការ​ឆ្លើយ​តប​ដ៏​មាន​សក្តានុពល​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ហុងគ្រី​ដោយ​តុលាការ​យុត្តិធម៌​អឺរ៉ុប (ICJ)។

កាល​ពី​ខែ​មុន តុលាការ​បាន​ចេញ​ការ​ផាក​ពិន័យ ២០លាន​អឺរ៉ូ ឬត្រូវជា ២១៦លាន​ដុល្លារ ប្រឆាំង​នឹង​ទីក្រុង Budapest សម្រាប់​ការ​មិន​គោរព​តាម​ច្បាប់​របស់ EU ស្ដីពី​ជនភៀសខ្លួន និង​ប្រាក់​ពិន័យ​បន្ថែម​ចំនួន ១លាន​អឺរ៉ូ ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​បន្ត​ផ្គើនអនុវត្តបែបនេះបន្តទៀត។

លោក Gulyas បានប្រាប់អ្នកកាសែតថា៖ យើងនឹងផ្តល់ឱកាសឱ្យជនចំណាកស្រុកទាំងអស់នៅព្រំដែនហុងគ្រី ដឹកជញ្ជូនទៅកាន់ទីក្រុងប្រ៊ូស៊ែល ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ។ប្រសិនបើទីក្រុងប្រ៊ុចសែលចង់បានជនចំណាកស្រុក ន៉ោះពួកគេនឹងអាចទទួលបានជាមិនខាន។

គួរឲ្យដឹងដែរថានាយករដ្ឋមន្ត្រីហុងគ្រី Orban ពីមុនបានថ្កោលទោសសេចក្តីសម្រេចរបស់តុលាការថាជា ការខឹងសម្បារ និងមិនអាចទទួលយកបាន ហើយបាននិយាយថាទីក្រុង Budapest នឹងរកវិធីដើម្បីឆ្លើយតបណាមួយជាមិនខាន៕

ប្រែសម្រួល៖ ស៊ុនលី

To Top