បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានច្រានចោលការរិះគន់ដែលថាឪពុករបស់លោកស្រី គឺអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងគ្រប់គ្រងកាន់លើលោកស្រី និងរដ្ឋាភិបាលថ្មី។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកស្រីបានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃសុក្របន្ទាប់ពីលោកថាក់ស៊ីនបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា “ចក្ខុវិស័យសម្រាប់ប្រទេសថៃឆ្នាំ ២០២៤” កាលពីថ្ងៃព្រហស្បតិ៍ដោយមានការចូលរួមពីអ្នកនយោបាយ អ្នកការទូត និងវិនិយោគិន។ ក្នុងព្រឹត្តិការណ៍នោះ លោកថាក់ស៊ីនបានលើកឡើងនូវសំណើដើម្បីដោះស្រាយសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស។
នៅពេលសួរថាតើសំណើរបស់លោកថាក់ស៊ីនក្នុងអំឡុងពេលព្រឹត្តិការណ៍នេះតំណាងឱ្យគោលនយោបាយរបស់រដ្ឋាភិបាលថ្មីឬយ៉ាងណានោះ លោកស្រី ផែតងតាន បានបដិសេធចំពោះរឿងនេះ ដោយនិយាយថា លោកថាក់ស៊ីនមិនកាន់តំណែងរដ្ឋាភិបាលណាមួយឡើយ។
លោកស្រីបាននិយាយថា “គាត់ (លោក ថាក់ស៊ីន) មិនបានប្រកាសពីគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ។ គាត់គ្រាន់តែបង្ហាញពីចក្ខុវិស័យរបស់គាត់តែប៉ុណ្ណោះ។ អ្វីដែលគាត់និយាយគឺត្រូវបានដកចេញពីគោលនយោបាយរបស់គណបក្សភឿថៃ”។
នៅពេលសួរដើម្បីបញ្ចេញមតិលើការរិះគន់ដែលថាថាក់ស៊ីនអាចកំពុងគ្រប់គ្រងលើលោកស្រី និងរដ្ឋាភិបាលថ្មីនោះ លោកស្រី ផែតងតាន នាយករដ្ឋមន្រ្តីបាននិយាយថា “ខ្ញុំទទូចថា គាត់មិនព្យាយាមគ្រប់គ្រងទេ។ ខ្ញុំអាចគិតដោយខ្លួនឯងបាន” ។
លោកស្រី ក៏បាននិយាយផងដែរថា សេដ្ឋកិច្ចត្រូវការវិធានការជំរុញ ហើយថាបទពិសោធន៍របស់លោកថាក់ស៊ីន ក្នុងការដោះស្រាយកិច្ចការសេដ្ឋកិច្ចនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេស។
លោកស្រីបានបន្ថែមថា គោលនយោបាយរបស់រដ្ឋាភិបាលថ្មី នឹងត្រូវបានបញ្ជាក់ច្បាស់នៅពេលត្រូវបានប្រកាសជាផ្លូវការនៅចំពោះមុខសភា៕
ប្រែសម្រួលៈ ណៃ តុលា