ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីសហរដ្ឋអាមេរិក និងអេហ្ស៊ីប ជួបសន្យាគ្នាតាមទូរស័ព្ទ លើកឡើងអំពីបទ ឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា

គែរ៖ លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានពិភាក្សាអំពីការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ដោយផ្តោតលើកិច្ចប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយប្រទេសរបស់ពួកគេ។

លោកប្រធានាធិបតីអេហ្ស៊ីប បានថ្លែងយ៉ាងដូច្នេះថា មេដឹកនាំទាំង ២ បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងយ៉ាង “ខ្លាំង” ដើម្បីទទួលបានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងសម្របសម្រួលការផ្លាស់ប្តូរចំណាប់ខ្មាំង។ លោក Sisi និងលោក បៃដិន បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំនះនូវឧបសគ្គ និងបង្ហាញពីភាពបត់បែនដើម្បីឈានដល់កិច្ចព្រមព្រៀងមួយពិតប្រាកដ។

លោក Sisi បានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា និងដើម្បីទប់ស្កាត់ការកើនឡើងនៃយោធាក្នុងតំបន់បន្ថែមទៀត។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានបញ្ជាក់ពីការមកដល់របស់ប្រធានទីភ្នាក់ងារសន្តិសុខអ៊ីស្រាអ៊ែល និងសេវាចារកម្ម Mossad នៅទីក្រុងគែរ ដើម្បីចូលរួមក្នុងការចរចាសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងផងដែរ។

កាលពីថ្ងៃសុក្រសប្តាហ៍មុន សហរដ្ឋអាមេរិក អេហ្ស៊ីប និងប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលនៃកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានប្រកាសបញ្ចប់ការពិភាក្សារយៈពេល ២ថ្ងៃ នៅទីក្រុងដូហា។ ពួកគេគ្រោងនឹងកោះប្រជុំឡើងវិញនៅទីក្រុងគែរក្នុងរយៈពេលមួយសប្តាហ៍ដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលមានបំណងបញ្ចប់ជម្លោះទាំងស្រុង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top