ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ការឆ្លើយតប ទៅនឹងការធ្វើឃាត ប្រធានការិយាល័យ ក្រុមហាម៉ាស់ នឹងមានតម្លៃខ្ពស់ សម្រាប់អ៊ីស្រាអែល

AFP

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឲ្យដឹងថា ការឆ្លើយតបរបស់ប្រទេស អ៊ីរ៉ង់ ចំពោះការធ្វើឃាតប្រធានការិយាល័យ នយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នឹងច្បាស់លាស់ តាមការគណនា និងគ្រប់គ្រង ពោលគឺមានន័យថា អាចនឹងមានតម្លៃខ្ពស់ សម្រាប់អ៊ីស្រាអែល ។

លោកបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន ខណៈកំពុងធ្វើអត្ថាធិប្បាយ លើការហៅទូរសព្ទនាពេលថ្មីៗនេះ ជាមួយសមភាគីអាល្លឺម៉ង់ បារាំង និងអង់គ្លេស ដែលក្នុងនោះពួកគេ បានពិភាក្សាអំពី “សកម្មភាពភេរវកម្ម” របស់អ៊ីស្រាអែល ក្នុងការធ្វើឃាតលោក Haniyeh ។

ដោយសង្កត់ធ្ងន់ លើសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការដាក់ទណ្ឌកម្មអ៊ីស្រាអែលចំពោះការធ្វើឃាតលោក Haniyeh លោក Araghchi បានឲ្យដឹងនៅក្នុងការ ហៅទូរស័ព្ទថា “ការឈ្លានពាន” របស់អ៊ីស្រាអែល ប្រឆាំងនឹងសន្តិសុខជាតិ និងអធិបតេយ្យភាពរបស់អ៊ីរ៉ង់ នឹងមិនឆ្លើយតបឡើយ ហើយថាទីក្រុងតេអេរ៉ង់ នឹងផ្តល់ការឆ្លើយតបរបស់ខ្លួន “យ៉ាងជាក់លាក់ និងក្នុងវិធីគណនា និងគ្រប់គ្រង ខណៈពេលដែលពិចារណាលើគ្រប់ទំហំទាំងអស់”។

របាយការណ៍នេះបានឲ្យដឹងថា លោក Araghchi បានលើកឡើងថា ការសងសឹក “នឹងត្រូវធ្វើឡើងនៅពេលត្រឹមត្រូវ និងប្រើប្រាស់វិធីសាស្ត្រសមស្រប” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Haniyeh ដែលបានទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian ត្រូវបានសម្លាប់កាលពីថ្ងៃទី៣១ ខែកក្កដា រួមជាមួយអង្គរក្សរបស់លោក នៅពេលដែលគេហដ្ឋានរបស់ពួកគេក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ ហើយអ៊ីរ៉ង់​បាន​បន្ទោស​អ៊ីស្រាអែល ​ចំពោះ​ការ​វាយ​ប្រហារ​នេះ ហើយ​បាន​ប្ដេជ្ញា​ឆ្លើយ​តប​យ៉ាង​ខ្លាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top