ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង អះអាងថា នឹងត្រៀមខ្លួនទប់ទល់​ នឹង​ការគំរាមកំហែង ​នុយក្លេអ៊ែរ ដែល​បង្កឡើង​ដោយ​អាមេរិក

AFP

សេអ៊ូល ៖ កូរ៉េខាងជើង បានថ្កោលទោស ចំពោះយុទ្ធសាស្ត្រ នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ដោយបានប្តេជ្ញាថា ខ្លួននឹងទប់ទល់យ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង នុយក្លេអ៊ែរគ្រប់ប្រភេទ ដែលបង្កឡើង ដោយសហរដ្ឋអាមេរិក។

កូរ៉េខាងជើង បានថ្កោលទោសយុទ្ធសាស្ត្រ នុយក្លេអ៊ែរ ដោយថា សហរដ្ឋអាមេរិក កំពុងស្វែងរកសង្គ្រាមនុយក្លេអ៊ែរឯកតោភាគី និងបង្ហាញការមិនពិត ចំពោះប្រទេសដទៃទៀតថា ជាការគំរាមកំហែង នុយក្លេអ៊ែរ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការកែសម្រួលឥរិយាបថ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក “មានផលប៉ះពាល់អវិជ្ជមាន យ៉ាងធ្ងន់ធ្ងរដល់តុល្យភាពនុយ ក្លេអ៊ែរសកល បរិយាកាសសន្តិសុខ និងប្រព័ន្ធរំសាយអាវុធនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកបច្ចុប្បន្ន កាន់កាប់ឃ្លាំងអាវុធនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់ពិភពលោក។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិក បានបង្កើតប្លុកយោធា ផ្អែកលើនុយក្លេអ៊ែរ ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។  ខ្លួនបានហៅប្រទេសនេះថាជា “តួអង្គគ្មានការទទួលខុសត្រូវបំផុត និងជារដ្ឋបញ្ឆោតទាំងឡាយ ដែលបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ និងបង្កើនលទ្ធភាពនៃការប៉ះទង្គិចនុយក្លេអ៊ែរនៅទូទាំងពិភពលោក”។

កូរ៉េខាងជើង​នឹង​ពង្រឹង​កម្លាំង​យុទ្ធសាស្ត្រ​របស់ខ្លួន ​ក្នុង​ការ​គ្រប់គ្រង និង​លុបបំបាត់​រាល់​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ ដែល​អាច​នឹង​កើត​ឡើង​ពី​ការ​កែសម្រួល​នុយក្លេអ៊ែរ និង​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង ​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​ណាមួយ​៕
ប្រែសម្រួល ឈូក បូរ៉ា

To Top