ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋអាជ្ញាតុលាការ ICC អំពាវនាវឱ្យមានសេចក្តីសម្រេច “បន្ទាន់” ក្នុងការចេញដីការចាប់ខ្លួន មេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស

RT News

បរទេស ៖ ប្រធាន​រដ្ឋអាជ្ញា ​នៃ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) គឺលោក Karim Khan បាន​អំពាវ​នាវ​ដល់​ចៅក្រម​ឱ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​បន្ទាន់​លើ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាល​ពី​ខែ​ឧសភា លោក Karim Khan បាន​ដាក់​សំណើ​ចេញ​ដីកា​ឲ្យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និង​រដ្ឋមន្ត្រី​ការពារជាតិ ​អ៊ីស្រាអែល លោក Yoav Gallant ព្រម​ទាំង​មន្ត្រី​កំពូល​របស់​ក្រុម Hamas , លោក Ismail Haniyeh លោក Yahya Sinwar និង Mohammed Deif ។ រដ្ឋអាជ្ញា​បាន​អះអាងថា ពួកគេ​ជាប់ទាក់ទងក្នុង​ “ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ” ដែល​ប្រព្រឹត្ត​នៅ​អ៊ីស្រាអែល និង​តំបន់ ហ្គាហ្សា ។

ចាប់តាំងពីពេលនោះមក តុលាការបានផ្តល់ការអនុញ្ញាតដល់រដ្ឋចំនួន ១៨ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូង ព្រមទាំងអង្គការ និងបុគ្គលរាប់សិបនាក់ ដើម្បីផ្តល់យោបល់ របស់ពួកគេអំពីយុត្តាធិការរបស់ ICC លើបញ្ហានេះ ដោយផ្តល់ឱ្យថា “ប៉ាឡេស្ទីន មិនអាចអនុវត្តយុត្តាធិការ ព្រហ្មទណ្ឌលើជនជាតិអ៊ីស្រាអែល ( ក្រោម) កិច្ចព្រមព្រៀងទីក្រុងអូស្លូ។

នៅក្នុងឯកសារ ដែលមានកម្រាស់ ៤៩ទំព័រ លោក Khan បានស្នើឱ្យចៅក្រមពន្លឿនដំណើរការនេះ ដោយសង្កត់ធ្ងន់ថា “ការពន្យារពេលដោយគ្មាន ហេតុផលណាមួយនៅក្នុងដំណើរ ការទាំងនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនរងគ្រោះ” ។

យ៉ាងណាក៏ដោយ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់បានច្រានចោល ការចោទប្រកាន់នៃឧក្រិដ្ឋកម្មសង្រ្គាម ដោយលោក Netanyahu បានរិះគន់ការចោទ ប្រកាន់នេះថាជា “ភាពអាម៉ាស់” ។ ចំណែកក្រុមហាម៉ាស​បាន​បរិហារ​សំណើ​សុំ​ដីកា​ចាប់​ខ្លួន​របស់ Khan ដោយ​និយាយ​ថា​ វា​ស្មើ​នឹង​ “ជនរងគ្រោះ​ជាមួយ​នឹង​ពេជ្ឈឃាត” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top