បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទស្សនាវដ្តី the Military Watch បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបាត់បង់រថក្រោះប្រយុទ្ធសំខាន់ Abrams M1 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ចំនួនដល់ទៅ២ភាគ៣ ក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ។
សារព័ត៌មាន បាននិយាយនៅក្នុងអត្ថបទមួយ កាលពីថ្ងៃព្រហស្បតិ៍ថា តាមការប៉ាន់ប្រមាណរបស់ខ្លួន រថក្រោះជិត ២០គ្រឿងក្នុងចំណោមរថក្រោះចំនួន ៣១គ្រឿងដែលផ្តល់ដល់ទីក្រុងគៀវដោយទីក្រុងវ៉ាស៊ីនតោន ត្រូវបានបំផ្លាញដោយកងកម្លាំង រុស្ស៊ីរួចហើយ។
ទស្សនាវដ្ដីតាមដានព័ត៌មានយោធានេះ បាននិយាយទៀតថា Abrams ចុងក្រោយបំផុតត្រូវបានបំផ្ទុះនៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី ដោយផ្អែកលើវីដេអូ ដែលបានបង្ហោះ ដោយបណ្តាញ Telegram របស់រុស្ស៊ី។
ប្រភពដដែលបានបន្ថែមទៀតថា យ៉ាងណាក្តីវាគឺជាជារថក្រោះ អាមេរិកដំបូងដែលបាត់បង់ដោយអ៊ុយក្រែន ក្នុងអំឡុងពេលការលុកលុយ របស់ខ្លួនចូលទៅក្នុងទឹកដីរុស្ស៊ី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
Military Watch ក៏ធ្លាប់បានរំលឹកទៅកាន់អតិថិជន របស់ M1ទាំងអស់កន្លងមកហើយដែរថា ទាហានអ៊ុយក្រែនដែលប្រតិបត្តិការ M1 ពីមុនបានត្អូញត្អែរ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចអំពី បញ្ហាបច្ចេកទេស រួមទាំងភាពងាយរងគ្រោះនៃសមាសធាតុអេឡិចត្រូនិចចំពោះការកកិត ក៏ដូចជាភាពងាយរងគ្រោះរបស់ពួកគេចំពោះភ្លើងរុស្ស៊ីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី