ព័ត៌មានអន្តរជាតិ

ស្ថាបនិក បណ្តាញសង្គម Telegram ត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋាន ក្នុងប្រទេសបារាំង

AFP

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី២៥ ខែសីហានេះថា អ្នកនាំពាក្យក្រសួងការបរទេសរបស់រុស្ស៊ី Maria Zakharova បានលើកឡើងនៅលើបណ្តាញ Telegram នៅថ្ងៃអាទិត្យនេះថា លោក Pavel Durov ស្ថាបនិកបណ្តាញទំនាក់ទំនងសង្គម Telegram ត្រូវបានប៉ូលិសបារាំងចាប់ខ្លួននៅឯអាកាសយានដ្ឋានមួយ នៅជាយក្រុងនៃទីក្រុងប៉ារីស កាលពីយប់ថ្ងៃសៅរ៍ ។
ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍មកថា លោក Durov ដែលមានសញ្ជាតិបារាំង ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ ពាក់ព័ន្ធនឹង ការបដិសេធរបស់បណ្តាញសង្គម Telegram ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយការអនុវត្តច្បាប់ របស់ប្រទេសបារាំង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការចោទប្រកាន់ប្រឆាំងនឹងលោក Durov ក្នុងនោះរួមមាន អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការក្លែងបន្លំ និងការលាងលុយកខ្វក់ ដោយបន្ថែមឲ្យដឹងថា លោក Durov អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស ។

ទីភ្នាក់ងារ TASS បានរាយការណ៍មកថា ស្ថានទូតរុស្ស៊ី ប្រចាំនៅក្នុងប្រទេសបារាំង បានចាត់វិធានការភ្លាមៗដើម្បីបញ្ជាក់អំពីស្ថានភាព នៅមុនពេលតំណាង គណបក្សប្រជាជនថ្មី Vladislav Davankov បានជំរុញឱ្យរដ្ឋាភិបាលរុស្ស៊ី ស្វែងរកការដោះលែងលោក Durov ឲ្យមានសេរីភាព ។

លោក Zakharova បានលើកឡើងថា “ស្ថានទូតរុស្ស៊ី នៅទីក្រុងប៉ារីសបានចាប់ផ្តើមធ្វើការភ្លាមៗលើករណីនេះ” ព្រោះវាជាកាតព្វកិច្ចរបស់អ្នកការទូតរុស្ស៊ី ក្នុងការឆ្លើយតបទៅនឹងករណី ដែលពាក់ព័ន្ធនឹងការឃុំខ្លួនពលរដ្ឋរុស្ស៊ីនៅបរទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top