បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រុស្ស៊ីបានធ្វើការទាមទារ ឱ្យមានការដោះលែង ជាបន្ទាន់នូវស្ថាបនិក Telegram លោក Pavel Durov ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួន នៅក្នុងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
ការទាមទារធ្វើឡើង តាមរយៈអនុប្រធានសភារុស្ស៊ីលោក Vladislav Davankov ហើយលោក បានអះអាងទៀតថា ស្ថាបនិកជាបុរសជនជាតិ រុស្ស៊ី-បារាំងម្នាក់ដែលមានអាយុ៣៩ឆ្នាំរូបនេះ ត្រូវបានឃុំខ្លួនកាលពីថ្ងៃសៅរ៍ នៅឯអាកាសយានដ្ឋាន Paris-Le Bourget ។
អាជ្ញាធរបារាំង តាមសេចក្តីរាយការណ៍ពីមូលហេតុ ដែលនាំឲ្យឈានទៅដល់ការចាប់ខ្លួននោះ គឺដោយសារតែជឿថា ច្បាប់សម្របសម្រួលដ៏ធូររលុង និងបច្ចេកវិជ្ជាអ៊ិនគ្រីប បានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាង ទូលំទូលាយនូវសារ Telegram ដោយឧក្រិដ្ឋជន។
សរសេរនៅលើបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃអាទិត្យលោក Davankov បានចេញមកការពារកំណត់ត្រារបស់លោក Durov ដោយក្នុងនោះ លោកបានលើកឡើងថា ស្ទើរតែគ្មាននរណាម្នាក់បានធ្វើច្រើនជាងនេះសម្រាប់ការអភិវឌ្ឍន៍សេវាកម្មឌីជីថលនៅក្នុងប្រទេសរុស្ស៊ី និងពិភពលោកច្រើនជាងបុរសម្នាក់នេះឡើយ។
មន្ត្រីកំពូលរុស្សីរូបនេះបញ្ជាក់ទៀតបែបនេះថា៖យើងត្រូវយកគាត់ចេញពីទីនោះហើយ ខ្ញុំកំពុងជំរុញឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov អំពាវនាវដល់អាជ្ញាធរបារាំងឱ្យដោះលែង Pavel Durov ពីការឃុំឃាំងទៀតផង ដែលការចាប់ខ្លួនគាត់អាចជាហេតុផលនយោបាយ និងប្រើដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Telegram ដូច្នេះ យើងមិនអាចអនុញ្ញាតវាបានកើតឡើងបានទេ៕
ប្រែសម្រួល៖ស៊ុនលី