បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃសុក្រថា ព្យុះភ្លៀងដ៏ខ្លាំងដែលបានបោកបក់កាត់ទីក្រុងមួយនៅភាគឦសាននៃប្រទេសចិនក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្ស ១១នាក់ និង ១៤នាក់ទៀតបាត់ខ្លួន ខណៈ ដែលបានបណ្តាលឱ្យមានការខូចខាតគិតជាប្រាក់ជាង ១ពាន់លានដុល្លារ។
យោងសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋ CCTV របស់ចិនបានផ្សាយថា មន្ត្រីម្នាក់ដែលបានព្យាយាមជួយសង្គ្រោះជីវិត គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលបានស្លាប់នៅក្នុងទីក្រុង Huludao ក្នុងខេត្ត Liaoning ។ ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមស្វែងរកមនុស្សដែលបានបាត់ខ្លួនក្នុងអំឡុងពេលភ្លៀងធ្លាក់ដ៏កម្រជាប្រវត្តិសាស្ត្រ។ រូបភាពពីបណ្តាញផ្សព្វផ្សាយបានបង្ហាញផ្លូវដែលជន់លិចយ៉ាងធ្ងន់ធ្ងរ។
យោងតាមការប៉ាន់ស្មានបឋម មនុស្សចំនួន ១៨៨.៨០០នាក់ បានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ ដោយមានការខាតបង់ប្រហែល ១,៤ពាន់លានដុល្លារ។ ផ្លូវថ្នល់ ស្ពាន និងខ្សែកាបមួយចំនួនធំត្រូវបានខូចខាត។
ទូរទស្សន៍ CCTV បានផ្សាយទៀតថា បរិមាណទឹកភ្លៀងប្រចាំថ្ងៃអតិបរមាដែលបានកត់ត្រាគឺ ៥២,៨សង់ទីម៉ែត្រ (ជិត ២១ អ៊ីញ) ដែលបំបែកកំណត់ត្រារបស់ខេត្តជាភ្លៀងធ្លាក់ខ្លាំងជាគេ។ ផ្នែកដែលរងគ្រោះខ្លាំងបំផុតនៃទីក្រុងបានជួបប្រទះភ្លៀងធ្លាក់ក្នុងមួយឆ្នាំត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ ហើយសរុបមកវាគឺជាភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងទីក្រុង Huludao ចាប់តាំងពីកំណត់ត្រាឧតុនិយមបានចាប់ផ្តើមនៅឆ្នាំ១៩៥១ ។
រដ្ឋាភិបាលចិនបានផ្តល់ថវិកាចំនួន ៧លានដុល្លារ សម្រាប់ជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះគ្រោះមហន្តរាយ៕
ប្រែសម្រួលៈ ណៃ តុលា