ព័ត៌មានអន្តរជាតិ

ប៉ូលិសចាប់ខ្លួនបុរសម្នាក់ សង្ស័យធ្វើឲ្យភ្លើងឆេះ និងបំផ្ទុះនៅឯសាលប្រជុំមួយ នៅភាគខាងត្បូងប្រទេសបារាំង

AFP

បារាំង៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសបារាំង បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា បានដុតឲ្យមានភ្លើងឆេះ និងបំផ្ទុះនៅឯសាលាប្រជុំមួយ ស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង ដែលនេះជាអ្វីដែលក្រុមមន្ត្រីសង្ស័យថា ជាការវាយប្រហារភេរវកម្ម ។

លោករដ្ឋមន្ត្រី Gerard Darmanin បានថ្លែង នៅលើបណ្តាញសង្គម X ថា មន្ត្រីដែលបានធ្វើការចាប់ខ្លួន បានស្ថិតក្រោមការ បាញ់ប្រហារ ហើយគាត់បានថ្លែងទៀតថា “ជនសង្ស័យដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម នៅឯសាលាប្រជុំត្រូវបានឃុំខ្លួនហើយ” ។

ប៉ូលិសបានឲ្យដឹងនៅមុននេះថា ពួកគេកំពុងតាមប្រមាញ់បុរសម្នាក់ ដែលពាក់ទង់ជាតិប៉ាឡេស្ទីន ត្រូវបានគេជឿថា បានដុតនៅក្នុងសាលាប្រជុំមួយ ហើយបានបង្កឱ្យមានការផ្ទុះឆេះ ដែលបណ្តាលឱ្យមន្រ្តីម្នាក់រងរបួស នៅក្នុងរមណីយដ្ឋាន មាត់សមុទ្រ La Grande Motte ។

ប្រភពផ្លូវការដែលសុំមិនបញ្ចេញ ឈ្មោះបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា ការចាប់ខ្លួននេះបានធ្វើឡើងនៅក្នុងទីក្រុង Nimes នៅក្បែរនោះ។ មន្ត្រីបម្រើការសេវាអយ្យការរដ្ឋ បានឲ្យដឹងទៀតថា មនុស្ស២នាក់ ដែលជាប់ពាក់ព័ន្ធ ជាមួយជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនផងដែរ ។

នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន របស់ប្រទេសបារាំង Gabriel Attal នៅមុននេះ បានទៅពិនិត្យដល់ទីតាំង នៃការវាយប្រហារនេះ រួមជាមួយលោក Darmanin ហើយបានឲ្យដឹងថា “យើងបានជៀសផុតពីសោកនាដកម្មទាំងស្រុង” ។

លោក Attal បានថា “ជាថ្មីម្តងទៀតជនជាតិជ្វីហ្វបារាំង ត្រូវបានគេកំណត់គោលដៅ និងវាយប្រហារជាលទ្ធផល នៃជំនឿរបស់ពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top